
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមាន នាថ្ងៃចុងក្រោយនៃការកាន់តំណែងរបស់កំពូលមហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លោក ដូណាល់ ត្រាំ ជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តអាម៉េរិក ទាំងអស់ រួមទាំងក្រុមហ៊ុន Telsa ផងដែរ ត្រូវតែផលិតរថយន្តទាំងមូល និងគ្រឿងបន្លាស់នៅលើទឹកដីសហរដ្ឋអាម៉េរិក ជំនួសឱ្យការផលិតនៅបរទេស។ ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណួរដែលបានចោទឡើងអំពីពន្ធគយខ្ពស់ ដែលជះផលប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តនានា ដូចជា Tesla ជាដើម ដែលនាំចូលគ្រឿងបន្លាស់រថយន្តពីប្រទេសផ្សេងៗ។
លោក ដូណាល់ ត្រាំ បានថ្លែងថា ចុងបញ្ចប់លោក Elon Musk ទំនងជានឹងត្រូវផលិតរថយន្តទាំងមូលរបស់លោកនៅលើទឹកដីសហរដ្ឋអាម៉េរិក ហើយក្រុមហ៊ុនសហគ្រាសផលិតទាំងអស់ក៏នឹងត្រូវផលិតគ្រឿងបន្លាស់នៅសហរដ្ឋអាម៉េរិក ដូចគ្នាដែរ។
លោក ត្រាំ បានសង្កត់ធ្ងន់ថា លោកធ្លាប់បានជួបរឿងឈឺក្បាលពិបាកដោះស្រាយរួចមកហើយ នៅពេលដែលគ្រឿងបន្លាស់រថយន្តត្រូវបានផលិតនៅក្នុងប្រទសផ្សេងៗ រួមមានប្រទេសកាណាដា ម៉ិកស៊ិក និងអឺរ៉ុប ហើយនាំចូលទៅកាន់សហរដ្ឋអាម៉េរិក។ ហើយដើម្បីបញ្ចប់រឿងឈឺក្បាលនេះ ពេលនេះ លោកចង់ឱ្យរថយន្តទាំងមូលរួមទាំងគ្រឿងបន្លាស់រថយន្តត្រូវបានផលិតនៅលើទឹកដីសហរដ្ឋអាម៉េរិក។
សូមបញ្ជាក់ថា រដ្ឋបាលលោក ដូណាល់ ត្រាំ នៅឆ្នាំនេះ បានដាក់ពន្ធគយ២៥% លើរថយន្តនាំចូល និងគ្រឿងបន្លាស់រថយន្តដែលឧស្សាហកម្មរថយន្តនិយាយថា ចំណាត់ការនេះនឹងធ្វើឱ្យរាំងស្ទះដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងធ្វើឱ្យរថយន្តឡើងថ្លៃ។ ស្របពេលក្រុមហ៊ុនផលិតរថយន្តអាម៉េរិក ជាច្រើន នាំចូលរថយន្តដែលផលិតនៅក្រៅប្រទេសចូលទៅកាន់សហរដ្ឋអាម៉េរិក ក្រុមហ៊ុន Tesla បានផលិតរថយន្តអគ្គិសនីរបស់ខ្លួនលើទឹកដីសហរដ្ឋអាម៉េរិក តែគ្រឿងបង្គុំសំខាន់ៗជាច្រើនត្រូវបាននាំចូលពីប្រទេសផ្សេងៗ។ ទោះជាយ៉ាងណា ភ្លាមៗក្រុមហ៊ុន Tesla មិនបានឆ្លើយតបនឹងសំណើសុំការឆ្លើយបំភ្លឺជុំវិញបញ្ហានេះទេ៕
ដោយ: តែម សុខុម