សារព័ត៌មានបរទេសធំៗបានរាយការណ៍ថា ក្រោយបាញ់ផ្លោងដាក់គ្នាទៅវិញទៅមករយៈពេល៣ថ្ងៃកន្លងមកនេះ មេដឹកនាំកំពូល និងមេដឹកនាំយោធា និងស៊ីវិលរបស់អ៊ីរ៉ង់ចំនួន៤៨នាក់ត្រូវបានសម្លាប់ ប៉ុន្តែរចនាសម្ព័ន្ធអំណាច និងយោធារបស់អ៊ីរ៉ង់នៅតែរឹងមាំដូចដុំថ្ម ហើយនៅតែអាចវាយបកទៅលើអាម៉េរិក និងអ៊ីស្រាអែលយ៉ាងចាស់ដៃ។ កត្តានេះបានធ្វើឱ្យលោក ត្រាំ បានព្រមានដ៏គួរឱ្យភ្ញាក់ផ្អើលថា សង្គ្រាមនៅអ៊ីរ៉ង់អាចនឹងអូសបន្លាយពេលមួយខែ ឬអាចយូរជាងនេះ។
Story: សង្គ្រាមមីស៊ីលនៅតំបន់មជ្ឈិមបូព៌ារវាងអាម៉េរិក និងសម្ព័ន្ធមិត្តដែកថែបអ៊ីស្រាអែលជាមួយអ៊ីរ៉ង់បានឈានចូលដល់ថ្ងៃទី៣ ដោយមានសភាពតានតឹងដ៏គួរឱ្យព្រួយបារម្ភបំផុត។ ក្តីមន្ទិលអំពីការរីករាលដាល នៃសង្គ្រាមកាន់តែធំឡើង ខណៈកម្លាំងតស៊ូប្រដាប់អាវុធរបស់អ៊ីរ៉ង់ នៅតែបង្ហាញភាពរឹងមាំមិនរង្គោះរង្គើ ទោះបីជាបានបាត់បង់មេដឹកនាំកំពូល និងមន្ត្រីជាន់ខ្ពស់សរុបចំនួន៤៨រូបក្នុងការប្រយុទ្ធគ្នាដ៏សាហាវនេះក៏ដោយ។
ពាក់ព័ន្ធនឹងការព្យាករអំពីវាសនា នៃសង្គ្រាមនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលធ្លាប់មានប្រវត្តិជោគជ័យក្នុងការលុកលុយវេណេស៊ុយអេឡា បានបង្ហាញនូវជំហរប្រុងប្រយ័ត្នខ្ពស់ចំពោះសមត្ថភាពយោធារបស់អ៊ីរ៉ង់។ លោក ត្រាំ បានព្រមានកាលពីថ្ងៃអាទិត្យ ថា ទោះបីជាអាម៉េរិក និងអ៊ីស្រាអែលបានកម្ទេចទីស្នាក់ការកណ្តាល នៃកងឆ្មាំបដិវត្តន៍ដ៏មានឥទ្ធិពល និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់យោធាតេអេរ៉ង់ក៏ដោយ ប៉ុន្តែសង្គ្រាមនេះមិនមែនបញ្ចប់ក្នុងមួយប៉ព្រិចភ្នែកឡើយ វាអាចនឹងអូសបន្លាយដល់១ខែ ឬយូរជាងនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយ Daily Mail លោក ត្រាំ បានបញ្ជាក់ថា ការវាយប្រហារអាចនឹងបន្តអូសបន្លាយ ដោយសារអ៊ីរ៉ង់ជាប្រទេសធំ និងមានភូមិសាស្ត្រស្មុគស្មាញ។ បើទោះបីជាលោកអះអាងថា វ៉ាស៊ីនតោន និងអ៊ីស្រាអែលបានវាយកម្ទេចគោលដៅយោធាបានជាង១,០០០កន្លែង សម្លាប់មេដឹកនាំជាន់ខ្ពស់៤៨រូប និងកម្ទេចនាវាចម្បាំងបាន៩គ្រឿងក៏ដោយ តែអ៊ីរ៉ង់មិនមែនជាកូនក្មេងដែលអាចវាយកម្ទេចបានដោយងាយស្រួលនោះទេ។
ឆ្លើយតបនឹងការវាយប្រហាររួមគ្នារបស់អាម៉េរិក និងអ៊ីស្រាអែលក្នុងរយៈពេល៣ថ្ងៃនេះ អ៊ីរ៉ង់បានតបតវិញដោយកំហឹង តាមរយៈការបាញ់ប្រហារលើមូលដ្ឋានទ័ពអាម៉េរិកជាច្រើនកន្លែងនៅមជ្ឈិមបូព៌ា រួមទាំងការផ្ដោតគោលដៅលើនាវាផ្ទុកយន្តហោះអាម៉េរិកផងដែរ។ ថ្វីត្បិតតែទីក្រុងវ៉ាស៊ីនតោន មិនទាន់ចេញរបាយការណ៍ខូចខាតលម្អិត ប៉ុន្តែដូចពាក្យចាស់ពោលថា ដើរកាត់ភ្លៀងមិនឱ្យទទឹក គឺមិនអាចទៅរួចឡើយ។
ប្រភពយោធាមួយចំនួនបានបង្ហើបថា មានទាហានអាម៉េរិក៣នាក់បានពលី និង៥នាក់របួសធ្ងន់ រួមទាំងអ្នករបួសស្រាលជាច្រើននាក់ទៀត ក្រោយការវាយប្រហារលើមូលដ្ឋានយោធានៅប្រទេសគុយវ៉ែត។ ទោះបីមិនទាន់មានការទទួលស្គាល់ជាផ្លូវការ ប៉ុន្តែលោក ត្រាំ បានបង្ហាញសញ្ញា នៃការត្រៀមខ្លួន ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារកងទ័ព ដែលបានលះបង់ជីវិត។ តាមរយៈវីដេអូកាលពីថ្ងៃអាទិត្យ លោក ត្រាំ បានបង្ហាញទឹកមុខស្រងូតស្រងាត់ និងសោកស្តាយចំពោះការបាត់បង់នេះ ដែលជាសញ្ញាបង្ហាញថា សង្គ្រាមនេះកំពុងឈានចូលដល់ដំណាក់កាលដ៏គ្រោះថ្នាក់បំផុត៕
ដោយៈ សរ សុជាតិ