ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានសម្ព័ន្ធមិត្តណាតូអំពីអនាគតដ៏អាក្រក់ ប្រសិនបើមិនរួមដៃគ្នាជួយបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ។ ទន្ទឹមនឹងនេះ លោក បានបង្ហើបពីលទ្ធភាពនៃការពន្យារពេលដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងប៉េកាំង ដោយលោកចង់ឃើញជំហរច្បាស់លាស់ពីប្រទេសចិនជាមុនសិន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times លោក ត្រាំ បានសង្កត់ធ្ងន់ថា ប្រទេសចិនគួរតែដើរតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហានៅច្រកសមុទ្រហ័រម៉ូស ដែលត្រូវបានអ៊ីរ៉ង់ចាក់សោ ព្រោះចិនគឺជាអ្នកទទួលផលប្រយោជន៍ច្រើន ដោយការនាំចូលប្រេងរហូតដល់៩០% ត្រូវឆ្លងកាត់ច្រកសមុទ្រមួយនេះ។
ពាក់ព័ន្ធនឹងវិបត្តិនេះដែររដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិកលោក ស្កុត បេសសេន (Scott Bessent) និងឧបនាយករដ្ឋមន្ត្រីចិនលោក ហ៊ី លីហ្វឹង (He Lifeng) ទើបតែបានបញ្ចប់កិច្ចពិភាក្សារយៈពេល២ថ្ងៃនៅទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យកន្លងទៅ។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងដោះស្រាយភាពជាប់គាំង នៃជម្លោះពាណិជ្ជកម្ម និងត្រួសត្រាយផ្លូវសម្រាប់ជំនួបកំពូលរវាងលោក ត្រាំ និងលោក ស៊ី ជីនពីង ដែលគ្រោងធ្វើឡើងនៅចុងខែមីនា នេះ។
លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា វាជារឿងសមស្របបំផុត ដែលប្រទេសទទួលផលប្រយោជន៍ពីផ្លូវទឹកនេះ ត្រូវចេញមុខធានាសុវត្ថិភាព។ លោក បានអំពាវនាវឱ្យប្រទេសមហាអំណាចរួមមានចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងអង់គ្លេសបញ្ជូននាវាចម្បាំងទៅកាន់តំបន់នោះ ដើម្បីទប់ទល់នឹងការវាយប្រហារពីកងកម្លាំងអ៊ីរ៉ង់។ លោក ត្រាំ បានបន្តក្នុងសម្រង់សម្តីដើមថា៖«យើងត្រូវការកិច្ចសហការលើការរុករកមីន និងសម្ភារយោធាទំនើបៗ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីដ្រូន និងមីនក្រោមទឹករបស់អ៊ីរ៉ង់ ដែលកំពុងរំខានដល់នាវាដឹកជញ្ជូនសកល»៕
ដោយៈ សរ សុជាតិ