លោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិក ដែលមកពីគណបក្សសាធារណរដ្ឋបានរិះគន់សមាជិកបក្សប្រជាធិបតេយ្យចំនួន៦រូប ដែលបានប្រាប់កងទ័ពអាម៉េរិកថា ពួកគេត្រូវតែបដិសេធបទបញ្ជាណាដែលខុសច្បាប់ ដោយលោក ត្រាំ បានហៅសមាជិកទាំងនោះថា ជាជនក្បត់ជាតិ ហើយចាត់ទុកទង្វើនេះជាអំពើញុះញង់ ដែលគួរតែប្រឈមមុខនឹងការប្រហារជីវិត។ លោក ត្រាំ បានបង្ហោះមតិយោបល់ដ៏ចម្រូងចម្រាសបែបនេះនៅលើគណនីបណ្ដាញទំនាក់ទំនងសង្គម Truth Social បន្ទាប់ពីសមាជិកសភាបក្សប្រជាធិបតេយ្យទាំងនេះបានផ្សាយវីដេអូមួយក្រើនរំឭកដល់យោធាអាម៉េរិកថា ពួកគេអាចដិសេធបញ្ជាណាដែលខុសច្បាប់។
ជាការឆ្លើយតបពួកប្រជាធិបតេយ្យបាននិយាយថា ពាក្យសម្ដីរបស់លោក ដូណាល់ ត្រាំ អាចញុះញង់ឱ្យមានអំពើហិង្សា ហើយពួកគេបានទាក់ទងទៅប៉ូលិសនៅវិមានកាពីតូល ដើម្បីសុំឱ្យជួយការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។
តែយ៉ាងណាក្រោយមក សេតវិមានបានចេញមកបកស្រាយថា តាមពិតប្រធានាធិបតី ដូណាល់ ត្រាំ មិនបានអំពាវនាវឱ្យមានការប្រហារជីវិតដូចការចោទប្រកាន់នោះទេ គ្រាន់តែរិះគន់ការបញ្ជូនសាររបស់សមាជិកសភាបក្សប្រជាធិបតេយ្យទាំងនោះប៉ុណ្ណោះ។
ស្របពេលសមាជិកព្រឹទ្ធសភាសាធារណរដ្ឋជាច្រើនរូបបានជៀសវាងការធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះ សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋម្នាក់ គឺលោក លីនស៊ី ហ្គ្រាហេម (Lindsey Graham) បាននិយាយថា ទាំងវីដេអូរបស់ពួកប្រជាធិបតេយ្យ និងការឆ្លើយតបរបស់លោក ដូណាល់ ត្រាំ គឺសុទ្ធតែគ្មានការទទួលខុសត្រូវដូចគ្នា។ ប្រធានព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យលោក ឆាក់ ស្កាំម័រ (Chuck Schumer) បានព្រមានថា ភាសារបស់លោក ដូណាល់ ត្រាំ អាចបង្កការញុះញង់ដល់អ្នកគាំទ្ររបស់លោក៕
ដោយ: តែម សុខុម