
ទីផ្សារភាគហ៊ុនរបស់ឥណ្ឌា មានទំហំតូចជាងទីផ្សារភាគហ៊ុនរបស់មហាយក្សចិន រហូតដល់ទៅ ៦,៣ ទ្រីលានដុល្លាររួចហើយ ហើយតាមរយៈវិធានការពន្ធគយបដិការថ្មីរបស់លោក ដូណាល់ ត្រាំ ដែលដាក់លើប្រទេសឥណ្ឌា អាចធ្វើឱ្យគម្លាតរវាងផ្សារហ៊ុននៃប្រទេសយក្សទាំងពីររីកកាន់តែធំ។ ទំហំទីផ្សារភាគហ៊ុនរបស់ឥណ្ឌា កំពុងដាំក្បាលចុះខ្លាំង ដោយមានទំហំតូចជាងទីផ្សារភាគហ៊ុនរបស់ប្រទេសចិន ដល់ទៅ ១០% នៅត្រីមាសទី៣នេះ ហើយបណ្ដាវិនិយោគិនបរទេសបានសម្រុកលក់កើបលុបចេញពីទីផ្សារហ៊ុនឥណ្ឌា រហូតដល់ទៅ៣ពាន់លានដុល្លារកាលពីខែមុន។
ក្រុមអ្នកវិភាគរួមទាំងធនាគារយក្សអាម៉េរិក Goldman Sachs ផងដែរនោះបានព្យាករថា ភាគហ៊ុនរបស់ឥណ្ឌា នឹងបន្តដំណើរការមិនល្អ ខណៈដែលទីផ្សារភាគហ៊ុនចិន មានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់។
ការតម្រង់គោលដៅដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ លើប្រទេសឥណ្ឌា ប៉ុន្តែមិនមែនប្រទេសចិន បានធ្វើឱ្យរង្គោះរង្គើទំនុកចិត្តរបស់បណ្ដាវិនិយោគិន ជាពិសេសនៅពេលដែលប្រទេសឥណ្ឌា ប្រឈមនឹងតម្លៃភាគហ៊ុនហក់ឡើងខ្ពស់ រីឯកំណើនប្រាក់ចំណូលយឺត។
វិនិយោគិនក្នុងស្រុកនៅតែបន្តជួយគាំទ្រដល់ទីផ្សារតាមរយៈការទិញភាគហ៊ុន ប៉ុន្តែការព្រួយបារម្ភនៅតែមាន ដោយខ្លាចវាធ្វើឱ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់ឥណ្ឌា ជាទីតាំងមជ្ឈមណ្ឌលផលិតកម្មរបស់ពិភពលោកជំនួសឱ្យមហាយក្សចិន។
ទោះបីជាបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសចិន នៅតែមានដូចជាវិបត្តិក្នុងវិស័យអចលនទ្រព្យយ៉ាងណាក្ដី កិ៏ទីផ្សារភាគហ៊ុនរបស់ចិនកំពុងទទួលបានសម្ទុះដោយសារគោលនយោបាយរបស់
រដ្ឋាភិបាលចិន និងការរីកចម្រើនក្នុងឧស្សាហកម្ម AI។ សរុបមក ភាពតានតឹងពាណិជ្ជកម្មកើនឡើងរបស់ឥណ្ឌាជាមួយសហរដ្ឋអាម៉េរិក កំពុងធ្វើឱ្យរង្គោះរង្គើទំនុកចិត្តរបស់វិនិយោគិន ខណៈពេលដែលប្រទេសចិន កំពុងទទួលបានការគាំទ្រឡើងវិញនៅក្នុងទីផ្សារពិភពលោក៕
ដោយ: តែម សុខុម