ឯកសារយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យបណ្ដាប្រទេសជាសម្ពន្ធមិត្តអឺរ៉ុបរងភាពអាម៉ាស់ និងភ័យខ្លាច នៅពេលដែលលោក ដូណាល់ ត្រាំ បានដៀលបណ្ដាមេដឹកនាំអឺរ៉ុបថា ជាមេដឹកនាំទន់ខ្សោយ ហើយបានរិះគន់គោលនយោបាយរបស់មេដឹកនាំទាំងនោះទៀតផង ជុំវិញបញ្ហាអន្តោប្រវេសន៍ លទ្ធិប្រជាធិបតេយ្យ និងសេរីភាពនៃការបញ្ចេញមតិ ហើយនិយាយថា អំណាចសេដ្ឋកិច្ច និងយោធារបស់អឺរ៉ុបកំពុងធ្លាក់ចុះហើយ។ ឯកសារនោះថែមទាំងលាតត្រដាងទៀតថា សហរដ្ឋអាម៉េរិក គួរតែស្តារស្ថិរភាពជាយុទ្ធសាស្ត្រជាមួយប្រទេសរុស្ស៊ីឡើងវិញ ទោះបីជារុស្ស៊ី កំពុងតែបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែន យ៉ាងណាក៏ដោយ។
ទោះជាយ៉ាងណា អតីតនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA លោក ដេវីដ ផេទ្រៀស (David Petraeus) បានប្រាប់សារព័ត៌មាន CNBC ថា ការព្រមានរបស់លោក ដូណាល់ ត្រាំ មិនមែនជារឿងអាក្រក់នោះទេ ព្រោះអឺរ៉ុបត្រូវការការដាស់តឿនបែបនេះ។
អតីតប្រធាន CIA រូបនេះ បានបន្ថែមទៀតថា ប្រធានាធិបតីអាម៉េរិកជាច្រើនបានជំរុញឱ្យអឺរ៉ុប យកចិត្តទុកដាក់លើវិស័យការពារជាតិ ឱ្យកាន់តែខ្លាំង ហើយលោក ត្រាំ គឺជាអ្នកចុងក្រោយ ដែលបានដាក់សម្ពាធលើបណ្ដាប្រទេសជាសមាជិកនៃអង្គការបក្សសម្ពន្ធយោធា NATO ឱ្យបង្កើនការចំណាយលើវិស័យយោធា។ លោកបានចាត់ទុកលោក ត្រាំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យបណ្ដាប្រទេសនៅអឺរ៉ុបប្តេជ្ញាចិត្តបង្កើនថវិកាការពារជាតិ រួមទាំងកិច្ចព្រមព្រៀងថ្មីៗនេះ ដើម្បីឱ្យបណ្ដាប្រទេសជាសមាជិកអង្គការបក្សសម្ពន្ធយោធា NATO បង្កើនការចំណាយដល់៥% នៃផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិ ផងដែរ៕
ដោយ: តែម សុខុម