
បន្ទាប់ពីទីផ្សារគ្រីបតូខាតបង់ខ្លាំងបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្ររហូតដល់ទៅជាង ១៩ពាន់លានដុល្លារក្នុងរយៈពេលត្រឹមមួយថ្ងៃ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បណ្ដាវិនិយោគិនសម្រុកលក់ចេញគ្រីបតូយ៉ាងគំហុក ដោយខ្លាចគ្រីបតូ Bitcoin និងគ្រីបតូ Ether ដាំក្បាលចុះបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
ក្រោយទីផ្សាររូបិយប័ណ្ណឌីជីថល ឬគ្រីបតូខាងបង់រហូតដល់ទៅជាង១៩ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែ២៤ម៉ោង កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដែលបង្កឡើងដោយការសម្រុកលក់ចេញ និងសន្ទនីយភាពទាប (Low Liquidity) ឬកង្វះសាច់ប្រាក់ក្នុងទីផ្សារ។ ទីផ្សារគ្រីបតូក្រឡាប់ចាក់ ដាំក្បាលចុះខ្លាំងនេះកើតមានឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធបន្ថែម១០០% លើទំនិញនាំចេញរបស់ចិន និងបានគំរាមរឹតបន្តឹងការនាំចេញកម្មវិធីសូហ្វវែសំខាន់ៗ ដើម្បីឆ្លើយតបនឹងមហាយក្សចិនចំពោះការរឹតបន្តឹងការនាំចេញរ៉ែកម្រ។
ជាការកត់សម្គាល់ Bitcoin ដែលជាគ្រីបតូធំបំផុតរបស់ពិភពលោកបានដាំក្បាលចុះដល់ទៅ ១៤% មកនៅត្រឹមប្រមាណ១០ម៉ឺន៥ពាន់ដុល្លារក្នុងមួយកាក់ ចំណែកឯគ្រីបតូដ៏ធំមួយទៀត គឺគ្រីបតូ Ether បានដាំក្បាលចុះដល់ទៅ១២% មកនៅត្រឹម៣,៤៣៦ដុល្លារក្នុងមួយកាក់ មុនពេលហក់ឡើងវិញឈានដល់៤,២០០ដុល្លារក្នុងមួយកាក់។
ចំណែកឯកាក់គ្រីបតូតូចៗផ្សេងទៀតដូចជា DOGE និង AVAX ជាដើមបានធ្លាក់ចុះកាន់តែធ្ងន់ធ្ងររហូតដល់ទៅ៧០% ឯណោះ។ ក្រុមអ្នកវិភាគនិយាយថា ពេលនេះក្រុមអ្នកជួញដូរគ្រីបតូកំពុងតែព្រួយបារម្ភខ្លាចទីផ្សារគ្រីបតូដាំក្បាលចុះជាថ្មីទៀត៕
ដោយ: តែម សុខុម