
កំពូលមហាសេដ្ឋីថៃ លោក ដានីន ឈារ៉ាវ៉ានុន (Dhanin Chearavanont) ដែលជាស្ថាបនិកក្រុមហ៊ុន CP Group បានព្រមានថា ពន្ធគយបដិការថ្មីដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ អាចធ្វើឱ្យប្រព័ន្ធពាណិជ្ជកម្មពិភពលោករាំងស្ទះ និងក្រឡាប់ចាក់។ កំពូលមហាសេដ្ឋីរូបនេះបានជំរុញឱ្យថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២ ក្នុងតំបន់អាស៊ាន ប្រញាប់ចូលជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ដើម្បីការពារសេដ្ឋកិច្ចរបស់ថៃ ស្របពេលដែលពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក កើនឡើងខ្ពស់។
សម្រាប់កំពូលមហាសេដ្ឋីរូបនេះ ពាណិជ្ជកម្មសេរីជាគន្លឹះដ៏សំខាន់ដែលនាំទៅសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ហើយបានព្រមានថា គោលនយោបាយគាំពារនិយមរបស់សហរដ្ឋអាម៉េរិក ជាពិសេសក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ អាចជះផលប៉ះពាល់ធ្ងន់ធ្ងរដល់ពាណិជ្ជកម្មពិភពលោក និងការនាំចេញរបស់ប្រទេសថៃ។ កំពូលមហាសេដ្ឋីរូបនេះបានសង្កត់ធ្ងន់ថា គ្មានហេតុផលអីដែលប្រទេសថៃ ត្រូវរង់ចាំទៀតនោះទេ គឺយកល្អត្រូវប្រញាប់ចូលជាសមាជិកនៃកិច្ចព្រមព្រៀងខាងលើឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបច្ចុប្បន្នមាន១២ប្រទេសជាសមាជិក រួមមានជប៉ុន កាណាដា អូស្តា្រលី វៀតណាម ណូវែលសេឡង់ សិង្ហបុរី ម៉ិកស៊ិក ព្រុយណេ ប៉េរូ ស៊ីលី និងម៉ាឡេស៊ី និងអង់គ្លេស។ ទន្ទឹមនេះ ប្រទេសចិន និងឥណ្ឌូណេស៊ី ដែលជាបងធំរបស់អាសាន ក៏បានដាក់ពាក្យសុំចូលជាសមាជិកហើយដែរ ប៉ុន្តែសម្រាប់ប្រទេសថៃ មិនទាន់បានដាក់ពាក្យនៅឡើយទេ។
ជាមួយគ្នានេះ លោក ដានីន ឈារ៉ាវ៉ានុន ក៏គាំទ្រឱ្យបង្កើតប្រព័ន្ធពាណិជ្ជកម្មអាស៊ីថ្មីមួយដែលដឹកនាំដោយអាស៊ាន ជប៉ុន និងចិនផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាម៉េរិក ដោយលោកបានសង្កត់ធ្ងន់ថា ក្រុមហ៊ុននានា គួរតែនៅក្រៅឆាកនយោបាយ ហើយផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៕
ដោយ: តែម សុខុម