
ការវិភាគមួយដែលចេញផ្សាយដោយមន្ទីរពិសោធថវិកានៅសាកលវិទ្យាល័យយែល (Yale) នៅសហរដ្ឋអាម៉េរិក បានរកឃើញថា ការដំឡើងពន្ធរបស់លោក ត្រាំ ទំនងជានឹងបង្កើនចំនួនពលរដ្ឋអាម៉េរិក ជាង៨៧ម៉ឺននាក់បន្ថែមទៀតឱ្យធ្លាក់ក្នុងអន្ទាក់ភាពក្រីក្រនៅឆ្នាំ២០២៦ រួមទាំងកុមារជាង៣៧ម៉ឺននាក់ ផងដែរ។ ការវាយតម្លៃតួលេខនេះ ធ្វើឡើងដោយផ្អែកលើវិធានការភាពក្រីក្រ និងផ្អែកតាមប្រាក់ចំណូលមុនបង់ពន្ធ។
ការឡើងថ្លៃទំនិញដែលជំរុញដោយវិធានការពន្ធគយរបស់លោក ត្រាំ កំពុងជះផលប៉ះពាល់ដល់គ្រួសារ ដែលមានចំណូលទាបយ៉ាងសម្បើម។ គ្រួសារដែលមានទ្រព្យធនតិចជាធម្មតាបានចំណាយប្រាក់ឈ្នួលរបស់ពួកគេច្រើនជាងគ្រួសារ ដែលមានប្រាក់ចំណូលខ្ពស់លើការរស់នៅ ពោលគឺពួកគេងាយនឹងរងគ្រោះដោយសារការប្រែប្រួលតម្លៃទំនិញខ្លាំង។
លើសពីនេះក្រុមអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា គ្រួសារមានចំណូលទាបច្រើនតែទិញផលិតផលនាំចូល ដែលប្រឈមនឹងការឡើងថ្លៃបណ្ដាលមកពីពន្ធគយច្រើនជាងគ្រួសារដែលមានចំណូលខ្ពស់។
មន្ទីរពិសោធថវិកានៅសាកលវិទ្យាល័យយែល បានប៉ាន់ប្រមាណថា ក្រោយការដំឡើងពន្ធគយរបស់លោក ត្រាំ អត្រាភាពក្រីក្រនឹងកើនឡើងដល់១០,៧% ពោលគឺកើនឡើងពីអត្រា១០,៤% ជាពេលមិនទាន់ដំឡើងពន្ធ។ បើតាមការិយាល័យជំរឿនសហរដ្ឋអាម៉េរិក សហរដ្ឋអាម៉េរិក មានមនុស្សជិត៣៦លាននាក់រស់នៅក្នុងភាពក្រីក្រគិតត្រឹមចុងឆ្នាំ២០២៤៕
ដោយ៖ សុខ មង្គល