យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA សង្គ្រាមពាណិជ្ជកម្មដែលប្រធានាធិបតី ដូណាល់ ត្រាំ បានផ្តើមឡើងកំពុងបង្កឱ្យមានការប្រែប្រួលឥរិយាបថ និងអារម្មណ៍របស់ប្រជាជនកាណាដា ចំពោះសហរដ្ឋអាម៉េរិក។ ទោះបីជាជាពលរដ្ឋកាណាដា នៅតែចង់រក្សាទំនាក់ទំនងភាពជាដៃគូជិតស្និទ្ធ និងត្រៀមខ្លួនធ្វើការជាមួយអាម៉េរិកដូចមុនក៏ដោយ ប៉ុន្តែកាណាដា ក៏បានបង្ហាញជំហរថា ខ្លួនដាច់ខាតមិនថយក្រោយ ឬចុះចាញ់ចំពោះសម្ពាធ និងការគំរាមកំហែងផ្នែកសេដ្ឋកិច្ចរបស់ក្រុងវ៉ាស៊ីនតោនឡើយ។
ជាការឆ្លើយតបកាលពីសប្តាហ៍មុន រដ្ឋាភិបាលកាណាដា បានប្រកាសដាក់ចេញនូវវិធានការពន្ធសងសឹក ដោយបានដាក់ពន្ធលើការនាំចូលទំនិញពីសហរដ្ឋអាម៉េរិកក្នុងទំហំទឹកប្រាក់រហូតដល់ប្រមាណ២០ពាន់លានដុល្លារ ដើម្បីឆ្លើយតបនឹងការយកពន្ធជាឯកតោភាគីរបស់អាម៉េរិក។ ទោះជាយ៉ាងណា លោក ម៉ាក ខានី (Mark Carney) នាយករដ្ឋមន្ត្រីកាណាដាបានគូសបញ្ជាក់ថា កាណាដានៅតែបើកទ្វារចំហ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រឡប់ទៅកាន់តុចរចាឡើងវិញ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា រាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីណាមួយត្រូវតែផ្តល់នូវស្ថិរភាព ភាពជឿជាក់ និងអត្ថប្រយោជន៍ស្មើភាពគ្នាសម្រាប់ប្រទេសទាំងពីរ។
មិនត្រឹមតែថ្នាក់ដឹកនាំនយោបាយនោះទេ សូម្បីតែប្រជាពលរដ្ឋកាណាដាសាមញ្ញ ក៏បានសម្តែងនូវក្តីទោមនស្ស និងការខកចិត្តយ៉ាងខ្លាំងចំពោះទង្វើ ដែលអាម៉េរិកបានធ្វើមកលើប្រទេសរបស់ខ្លួន។ ក្រុមពលរដ្ឋកាណាដាបានលើកឡើងថា កាណាដា និងសហរដ្ឋអាម៉េរិកធ្លាប់ជាមិត្តភក្តិស្រឡាញ់គ្នាដូចបងប្អូនបង្កើត និងឈរនៅកៀកស្មាគ្នាជាយូរលង់ណាស់មកហើយ ដូច្នេះអាម៉េរិកមិនគួរអនុវត្តគោលនយោបាយ បំបាក់មុខ និងគាបសង្កត់មកលើមិត្តជិតស្និទ្ធដូចបច្ចុប្បន្ននេះឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក ខូលីន រ៉ូបឺតសុន (Colin Robertson) អតីតអ្នកការទូតកាណាដា និងជាសមាជិកជាន់ខ្ពស់នៅវិទ្យាស្ថានកិច្ចការសកលកាណាដាបានវាយតម្លៃថា គោលនយោបាយគាបសង្កត់របស់លោក ដូណាល់ ត្រាំ មិនបានធ្វើឱ្យកណាដា ភ័យខ្លាចនោះទេ ប៉ុន្តែផ្ទុយទៅវិញវាបានក្លាយជាកាតាលីករប្រកបដោយឥទ្ធិពលក្នុងការជំរុញស្មារតីជាតិនិយម និងស្នេហាជាតិឱ្យពុះកញ្ជ្រោលនៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋកាណាដទៅវិញ៕
ដោយៈ សរ សុជាតិ