
ធនាគារពិភពលោកដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន បានព្យាករកាលពីថ្ងៃអង្គារ ថាសង្រ្គាមពាណិជ្ជកម្មរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសមានសេដ្ឋកិច្ចធំៗនៅលើពិភពលោកនៅឆ្នាំនេះ។ ស្ថាប័នហិរញ្ញវត្ថុដែលបានផ្តល់ឥណទានដល់ប្រទេសចំនួន១៨៩ នៅលើពិភពលោកនេះ បានទម្លាក់ការព្យាករថា សហរដ្ឋអាម៉េរិក ដែលជាបងធំរបស់ពិភពលោកនឹងសម្រេចបានកំណើនក្នុងរង្វង់១,៤% នៅឆ្នាំនេះ ដែលស្មើនឹងពាក់កណ្តាល់នៃកំណើនដែលសម្រេចបានកាលពីឆ្នាំ២០២៤។
ជាមួយគ្នានេះចិន ត្រូវបានធនាគារពិភពលោកព្យាករថានឹងសម្រេចបានកំណើនក្នុងរង្វង់៤,៥% នៅឆ្នាំនេះ មុនធ្លាក់មកនៅត្រឹម៤% នៅឆ្នាំក្រោយ ខណៈកាលពីឆ្នាំ២០២៤ ចិន សម្រេចបានកំណើនសេដ្ឋកិច្ចរហូតដល់ទៅ៥%។ ដោយឡែក ប្រទេសជាង២០ នៅសហភាពអឺរ៉ុប ត្រូវបានធនាគារនេះព្យាករទម្លាក់កំណើនសេដ្ឋកិច្ចមកនៅត្រឹម០,៧% នៅឆ្នាំនេះ ខណៈកាលពីឆ្នាំ២០២៤ ប្លុកនេះសម្រេចបានកំណើនសេដ្ឋកិច្ច០,៩%។
ទន្ទឹមនឹងនេះ ឥណ្ឌា ដែលមានប្រជាពលរដ្ឋច្រើនជាងគេបង្អស់នៅលើពិភពលោក ត្រូវបានធនាគារពិភពលោកព្យាករថានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦,២% ទាបជាងឆ្នាំមុនបន្តិចដែលមានក្នុងរង្វង់៦,៥%។
លោក អ៊ីនឌ័រមីត ជីល (Indermit Gill) ប្រធានក្រុមអ្នកសេដ្ឋកិច្ចនៃធនាគារពិភពលោកបានអះអាងថា សេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន ស្ថិតក្នុងស្ថានភាពកាន់តែច្របូកច្របល់ ខណៈទស្សនវិស័យសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ត្រូវបានបិទបាំងដោយគោលនយោបាយពាណិជ្ជកម្ម ដែលមិនប្រក្រតី និងប្រែប្រួលខ្លាំង ដែលនាំឲ្យប្រព័ន្ធពាណិជ្ជកម្មសកលត្រូវរងភាពរង្គោះរង្គើ៕
ដោយៈ សរ សុជាតិ