
សារព័ត៌មាន VN Express បានរាយការណ៍ថា ព្យុះកាជិគី ដែលបានបោកបក់បណ្តាខេត្តនៅភាគខាងជើង និងកណ្តាលនៃប្រទេសវៀតណាមអស់រយៈពេលជាង១០ម៉ោង បានឆក់ជីវិតមនុស្ស៣នាក់និងរបួស១៣នាក់ ធ្វើឱ្យខូចខាតលំនៅឋានជិត៧ពាន់ខ្នង បង្កឱ្យមានការកាត់ផ្តាច់ចរន្តអគ្គិសនី និងបង្កផលប៉ះពាល់ដល់ពលរដ្ឋប្រមាណ១,៦លាននាក់។ លើសពីនេះ ព្យុះដ៏កំណាចនេះបានពន្លិចខេត្តជាច្រើនដោយរួមទាំងរដ្ឋធានីហាណូយ និងបានបណ្តាលឲ្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមបិទអាកាសយានដ្ឋានចំនួនពីរនៅក្នុងខេត្តក្វាងប៊ិញ និងខេត្តថាញ់ ហាវ។
ជាមួយគ្នានេះប្រទេសថៃ ក៏បានរងការវាយប្រហារពីព្យុះនេះយ៉ាងខ្លាំងផងដែរ ដោយឥទ្ធិពលរបស់ព្យុះនេះបានបណ្តាលឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងរហូតធ្វើឱ្យមានគ្រោះបាក់ដីកប់ភូមិមួយនៅខេត្តឈៀងមៃ កាលពីវេលាម៉ោង២ និង៥០នាទីរំលងអាធ្រាត្រថ្ងៃទី២៧ ខែសីហា ដោយបានឆក់យកអាយុជីវិតមនុស្សម្នាក់ បាត់ខ្លួនម្នាក់ និងរបួស១០នាក់ និងបានពន្លិចតំបន់ជាច្រើននៅភាគខាងជើងប្រទេសថៃផងដែរ។
ដោយឡែកនៅក្នុងប្រទេសឡាវឯណោះវិញ មិនទាន់មានសេចក្តីរាយការណ៍ពីផលប៉ះពាល់ដែលបង្កឡើងដោយព្យុះនេះគួរឱ្យកត់សម្គាល់នៅឡើយទេ ប៉ុន្តែសារព័ត៌មាន Laotian Times បានរាយការណ៍ថា ព្យុះនេះបានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងរំខានដល់ប្រតិបត្តិការដឹកជញ្ជូនតាមរថភ្លើងល្បឿនលឿនឡាវ-ចិន ហើយដើម្បីការពារ និងរក្សាសុវត្ថិភាពអ្នកដំណើរ អាជ្ញាធរឡាវបានសម្រេចផ្អាកសេវាកម្មដឹកនាំអ្នកដំណើរជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២៥-២៦ ខែសីហា ដោយអ្នកដំណើរអាចយកសំបុត្រប្តូរលុយវិញបាន៕
ដោយៈ សរ សុជាតិ