ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

មេ UN អះអាងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំពុងពិការ ក្រោយមានការបែកបាក់គ្នាក្នុងចំណោមប្រទេសមហាអំណាច


អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អង់តូញ៉ូ ហ្គូធើរ៉េស (Antonio Guterres) បានលើកឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីពេលថ្មីៗដ៏គួរឱ្យភ្ញាក់ផ្អើលថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានពិការហើយ ដោយសារការបែកបាក់គ្នាក្នុងចំណោមប្រទេសមហាអំណាច និងបានអំពាវនាវឱ្យធ្វើកំណែទម្រង់ស្ថាប័នសន្តិសុខកំពូលមួយនេះឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ដោយ

នៅចំពោះមុខក្រុមមេដឹកនាំប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូញ៉ូ ហ្គូធើរ៉េស បានរអ៊ូរទាំពីការធ្លាក់ចុះឥទ្ធិពលរបស់អង្គការ សហប្រជាប្រជាជាតិ ដោយលោកអះអាងថា មកទល់ពេលនេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលែងសូវមានប្រសិទ្ធភាពទៀតហើយ ដោយសារសមាជិករបស់ស្ថាប័នសន្តិសុខនេះមានការខ្វែងគំនិតគ្នាក្នុងការដោះស្រាយវិបត្តិជាច្រើនរបស់ពិភពលោក។

មេ UN រូបនេះបានលើកឡើងថា សមាជិកអចិន្ត្រៃយ៍ទាំង៥របស់ក្រុមប្រឹក្សានេះបានប្រើប្រាស់អំណាចវេតូរបស់ពួកគេ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដែលបានធ្វើឱ្យខូចដល់ភាពជឿជាក់របស់អង្គការអន្តររដ្ឋាភិបាលសកលមួយនេះ។ ហើយអ្វីដែលជាបញ្ហាធ្ងន់ធ្ងររបស់អង្គការនេះ គឺការបែកបាក់គ្នាក្នុងចំណោមប្រទេសមហាអំណាចពិភពលោក ដែលបានបង្កើតស្ថាប័នដ៏សំខាន់របស់អង្គការសហប្រជាជាតិសម្រាប់រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

សមាជិកអចិន្ត្រៃយ៍ទាំង៥របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរួមមានចិន, បារាំង, រុស្ស៊ី, ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក ដោយប្រទេសនីមួយៗអាចរារាំងសេចក្តីសម្រេចណាមួយរបស់ស្ថាប័ននេះ។ បន្ថែមលើនេះក្រុមប្រឹក្សានេះ ក៏មានសមាជិកមិនអចិន្ត្រៃយ៍១០ប្រទេស ដែលត្រូវបានជ្រើសរើសតាមតំបន់រៀងរាល់ពីរឆ្នាំម្តងផងដែរ ប៉ុន្តែសិទ្ធិអំណាចរបស់ពួកគេមានដែនកំណត់។

អគ្គលេខាធិការអង្គការនេះ បានចាត់ទុករចនាសម្ពន្ធរបស់ក្រុមប្រឹក្សាបច្ចុប្បន្នហាក់ហួសសម័យហើយ និងមិនតំណាងឱ្យពិភពលោកសម័យទំនើបនោះឡើយ ហើយ លោក បានជំរុញឱ្យធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ដែលមានសមាជិកអចិន្ត្រៃយ៍មកពីអឺរ៉ុបចំនួនបី អាស៊ីមួយ ប៉ុន្តែគ្មានតំណាងអាហ្វ្រិក និងគ្មានតំណាងអាម៉េរិកឡាទីននេះឡើងវិញ។ ដូច្នេះគេគួរតែធ្វើការផ្លាស់ប្ដូរសមាសភាព ដើម្បីសម្របទៅនឹងអ្វីដែលជាការពិតសព្វថ្ងៃនេះ។

មេ UN បានចាត់ទុកបញ្ហាជម្លោះនៅប្រទេសមីយ៉ាន់ម៉ា តំបន់ហ្គាហ្សា និងតំបន់សមុទ្រចិនខាងត្បូង សុទ្ធសឹងជាប្រធានបទ ដែលត្រូវលើកយកមកពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយ។ សម្រាប់លោក អង់តូញ៉ូ ជំនួយមនុស្សធម៌តែមួយមុខមិនអាចដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាបាននោះទេ ពោលគឺទាល់តែស្វែងរកមធ្យោបាយក្នុងការបញ្ចប់ជម្លោះតាមរយៈការផ្សះផ្សា ដោះលែងអ្នកទោសនយោបាយ និងការបង្កើតលក្ខខណ្ឌ ដើម្បីវិលទៅរកទម្រង់រដ្ឋាភិបាលប្រជាធិបតេយ្យឡើងវិញទើបជាដំណោះស្រាយល្អ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Apple កើនដល់៤ទ្រីលានដុល្លារ ក្រោយទូរសព្ទ iPhone ថ្មីទទួលបានការគាំទ្រខ្លាំង

តម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងដល់៤ទ្រីលានដុល្លារជាលើកដំបូងកាលពីថ្ងៃទី២៨ ខែតុលា ក្រោយតម្រូវការសម្រាប់ម៉ូដែលទូរសព្ទ iP…

តើថៃ អាចប្រឈមនឹងបញ្ហាអ្វីខ្លះ បើបន្តពន្យារពេលក្នុងការដោះលែងទាហានកម្ពុជា ទាំង១៨រូប?

មកទល់ពេលនេះ ភាគីថៃមិន ទាន់ដោះលែងទាហានកម្ពុជាទាំង១៨រូបមកឱ្យកម្ពុជាវិញនៅឡើយទេ បើទោះបីភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ