
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ភស្តុតាងបានបង្ហាញយ៉ាងច្បាស់ថា ការចំណាយលើវិស័យយោធាច្រើន ជារឿយៗនឹងធ្វើឱ្យខូចដល់សុខសន្តិភាព និងរងការគំរាមកំហែងដោយការប្រណាំងប្រជែងផ្នែកសព្វាវុធ ការមិនទុកចិត្តគ្នាកាន់តែខ្លាំង និងការបង្វែរធនធានចេញពីការវិនិយោគលើវិស័យសំខាន់ៗមួយចំនួន។
ដោយសារការចំណាយលើវិស័យយោធាកើនឡើងខ្ពស់ឈានដល់ជិត៣ទ្រីលានដុល្លារនៅមួយទសវត្សរ៍កន្លងមកនេះបានជំរុញឱ្យអង្គការសហប្រជាជាតិ ត្រូវសិក្សាពីផលប៉ះពាល់ដែលបង្កឡើងដោយសារការវិនិយោគនេះ នាំយកលទ្ធផលនៃការសិក្សានេះទៅពិភាក្សាគ្នានៅក្នុងមហាសន្និបាតសហប្រជាជាតិ ដែលចាប់ផ្ដើមនៅថ្ងៃទី២២ ខែកញ្ញា ក្នុងពេលខាងមុខនេះ។
បើយោងតាមទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ក្រុងស្តូកហូម ការចំណាយលើវិស័យយោធាពិភពលោកជិត៣ទ្រីលានដុល្លារកាលពីឆ្នាំមុននោះ ត្រូវបានគេព្យាករថា នឹងកើនឡើងដល់ជិត៦ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០៣៥ ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត៕
ដោយ៖ សុខ មង្គល