
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា បានបើកកិច្ចប្រជុំកម្រិតខ្ពស់ជាមួយនឹងទីភ្នាក់ងារសន្តិសុខ និងសេដ្ឋកិច្ចឌីជីថល កាលពីថ្ងៃចន្ទ ដោយលោកស្រីបានបញ្ជាឱ្យបង្កើនការបង្ក្រាបកាន់តែខ្លាំងលើឧក្រិដ្ឋកម្មឆ្លងដែនរវាងថៃ និងកម្ពុជា។ លោកស្រី ផៃថងថាន បានសង្កត់ធ្ងន់លើតម្រូវការនៃការត្រួតពិនិត្យឱ្យកាន់តែតឹងរ៉ឹងនៅតាមព្រំដែនកម្ពុជា-ថៃ និងព្រមានថា ការអនុវត្តនេះត្រូវតែបង្កើនឱ្យខ្លាំងកុំបន្ធូរដៃឱ្យសោះ ហើយលោកស្រីទាមទារឱ្យមានកិច្ចសហប្រតិបត្តិការពីយោធា ទីភ្នាក់ងារសន្តិសុខ និងក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល។
នាយករដ្ឋមន្ត្រីវ័យក្មេងរូបនេះ បានព្យាយាមបកស្រាយ និងសាចទឹកដាក់កម្ពុជា ជុំវិញបញ្ហានេះ ដោយបានចោទទាំងមិនអៀនខ្មាសថា ប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលពិភពលោកមួយសម្រាប់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលទាមទារឱ្យប្រទេសថៃ ត្រូវតែបង្កើនវិធានការបង្ការរបស់ខ្លួន ជាពិសេសនៅតំបន់ព្រំដែនដែលមានជម្លោះរ៉ាំរ៉ៃតែម្តង។
ស្របពេលប្រទេសថៃ កំពុងព្យាយាមសាចទឹកដាក់កម្ពុជា ជុំវិញរឿងដ៏ចម្រូងចម្រាសពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញនេះ អង្គការសហប្រជាជាតិ ទាមទារឱ្យរដ្ឋាភិបាលថៃ ចូលខ្លួនបកស្រាយពាក់ព័ន្ធនឹងករណីបោកប្រាស់ និងការជួញដូរមនុស្សដ៏សកម្ម ដែលបានកើតនៅក្នុងប្រទេសខ្លួន។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានចេញលិខិតមួយយ៉ាងម៉ឺងម៉ាត់ផ្ញើទៅ រដ្ឋាភិបាលថៃ ដោយទាមទារឱ្យថៃ ឆ្លើយបំភ្លឺលើចំណុចសំខាន់ៗចំនួន១០ទាក់ទងនឹងកិច្ចខិតខំរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សឆ្លងដែន ដែលតភ្ជាប់ទៅនឹងប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លិខិតរបស់អ្នករាយការណ៍ពិសេសនេះ បានចង្អុលបង្ហាញពីតួនាទីដ៏សំខាន់របស់ប្រទេសថៃ ក្នុងការធ្វើជាមជ្ឈមណ្ឌលដឹកជញ្ជូនសម្រាប់ជនរងគ្រោះដែលធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលបោកប្រាស់នៅតាមប្រទេសជិតខាងរបស់ខ្លួន ជាពិសេសនៅតំបន់ព្រំដែនជាមួយនឹងរដ្ឋការ៉ែន (Karen) របស់ប្រទេសមីយ៉ាន់ម៉ាតែម្ដង ហើយប្រតិបត្តិការជួញដូរមួយចំនួនត្រូវបានពឹងលើធនធានពីភាគីថៃ រួមទាំងថាមពល ទំនាក់ទំនង និងអាចជាហិរញ្ញវត្ថុទៀតផង។
ការទាមទារទាំង១០ចំណុចរបស់អង្គការសហប្រជាជាតិនេះ រួមមានជំហររបស់រដ្ឋាភិបាល វិធានការទ្វេភាគី/ពហុភាគី ការកំណត់អត្តសញ្ញាណជនរងគ្រោះ គោលការណ៍មិនផ្ដន្ទាទោស ការបណ្ដុះបណ្ដាលកុងស៊ុល ការគាំទ្រចំពោះការនិរទេសជនរងគ្រោះ ការគាំពារនៅក្រោយការដោះលែង ការទប់ស្កាត់ការប្រើធនធានមិនត្រឹមត្រូវ ការឆ្លើយតបថ្នាក់ជាតិ/តំបន់ និងការការពារសាធារណៈ៕
ដោយ៖ សុខ មង្គល