ការអះអាងនេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោកស្រី និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកស្រីចូលកាន់តំណែងថ្មី និងចាប់ផ្តើមបំពេញភារកិច្ចផ្លូវការនៅកម្ពុជា។
ក្នុងជំនួបនេះ លោកស្រី វ៉្លាដាន់កា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។ លោកស្រីបញ្ជាក់ថា អង្គការសហប្រជាជាតិ តាមរយៈកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តគាំទ្ររបៀបវារៈអភិវឌ្ឍន៍សំខាន់ៗរបស់កម្ពុជា ព្រមទាំងបន្តកិច្ចសន្ទនាគោលនយោបាយ ដើម្បីជំរុញការអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤–២០២៨ ឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់អំពីផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពីសង្គ្រាម ព្រមទាំងវិធានការអន្តរាគមន៍ដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមក។ ឯកឧត្តមបានឱ្យដឹងថា បច្ចុប្បន្ននៅមានជនភៀសសឹកជាង ៤,០០០ គ្រួសារ មិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានដើមរបស់ខ្លួនវិញ ខណៈរាជរដ្ឋាភិបាលកំពុងផ្តោតលើការប្រែក្លាយជំរំទៅជាជម្រកបណ្ដោះអាសន្ន ការរៀបចំសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានចាំបាច់ ព្រមទាំងជំរុញអនុវត្តកម្មវិធីជំនួយសង្គមផ្សេងៗ។
ដោយឡែក សម្រាប់ពលករខ្មែរ ដែលបានធ្វើការនៅប្រទេសថៃ ហើយវិលត្រឡប់មកកម្ពុជាវិញជាង ១ លាននាក់ រាជរដ្ឋាភិបាលកំពុងជួយសម្របសម្រួលឱ្យពួកគេទទួលបានការងារធ្វើក្នុងស្រុកឱ្យបានឆាប់រហ័ស តាមរយៈការផ្គូរផ្គងការងារ កម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែម (Up-skilling និង Re-skilling) ការគាំទ្របង្កើតមុខរបរខ្នាតតូច និងកម្មវិធីជំនួយផ្សេងៗទៀត។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ចំពោះការផ្តល់ជំនួយថ្មីៗបន្ថែមពីដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេស UNDP ក្នុងការបន្តគាំទ្រកម្ពុជា សម្រាប់ការត្រៀមខ្លួនចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) ការពង្រឹងប្រព័ន្ធគាំពារសង្គម ការរៀបចំក្របខណ្ឌគោលនយោបាយហិរញ្ញប្បទានជាតិ ដើម្បីកៀរគរធនធានពីប្រភពនានា និងគាំទ្រការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែងរបស់រាជរដ្ឋាភិបាល។