របាយការណ៍ឃ្លាំមើលប្រព័ន្ធត្រជាក់សកលឆ្នាំ២០២៥ របស់កម្មវិធីបរិស្ថាន នៃអង្គការសហប្រជាជាតិ (UNEP) បានបង្ហាញថា កំណើនតម្រូវការប្រព័ន្ធម៉ាស៊ីនត្រជាក់ ដែលចេះតែមានការកើនឡើងបានជំរុញឱ្យកម្រិតនៃការបំភាយឧស្ម័នផ្ទះកញ្ចក់មានកើនឡើងទ្វេដងនៅឆ្នាំ២០២៥ បើធៀបនឹងកម្រិតនៅឆ្នាំ២០២២។ របាយការណ៍នេះបានព្រមានថា តម្រូវការម៉ាស៊ីនត្រជាក់ ដែលកំពុងមាននិន្នាការកើនឡើង នឹងមានកំណើន៣ដងនៅត្រឹមឆ្នាំ២០៥០ ខណៈមនុស្សរាប់ពាន់លាននាក់នៅតែខ្វះការយល់ដឹងពីការគ្រប់គ្រងកម្ដៅ។
កំណើនដ៏លឿនបំផុតនៃតម្រូវការម៉ាស៊ីនត្រជាក់ត្រូវបានព្យាករថា នឹងមានកំណើនខ្ពស់នៅតំបន់អាហ្វ្រិក និងអាស៊ីខាងត្បូង។ លោកស្រី អ៊ីនជឺ អេនឌឺសេន (Inger Andersen) ប្រធានកម្មវិធី UNEP បានលើកឡើងថា ដោយសាររលកកម្ដៅកាន់តែមានភាពទៀងទាត់ និងខ្លាំងក្លា បានជំរុញឱ្យប្រជាជននៅតាមបណ្តាប្រទេសដែលរងឥទ្ធិពលនេះចាត់ទុកប្រព័ន្ធត្រជាក់ ជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់រួមទាំងទឹក ថាមពល និងអនាម័យផងដែរ។
កម្មវិធីបរិស្ថាន UNEP បានផ្តល់ជម្រើសមួយចំនួនក្នុងការជួយកាត់បន្ថយការប្រើម៉ាស៊ីនត្រជាក់ ដូចជាការរចនាជញ្ជាំង និងដំបូលផ្ទះ ការប្រើបណ្តាញថាមពលព្រះអាទិត្យ និងការប្រើស្លាបព្រឹលសម្រាប់ឱ្យខ្យល់ចេញចូលបង្កជាភាពត្រជាក់ ដែលកត្តាទាំងអស់នេះបានជួយកាត់បន្ថយសីតុណ្ហភាពក្នុងផ្ទះពី០,៥ ទៅ៨អង្សាសេ និងអាចជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់៦៤% ផងដែរ៕
ដោយ៖ សុខ មង្គល