តំណាងមកពី៤០ប្រទេសនឹងធ្វើដំណើរមកកាន់រដ្ឋធានីហាណូយ ប្រទេសវៀតណាម នៅចុងសប្ដាហ៍នេះ ដើម្បីចុះហត្ថលេខាលើកតិកាសញ្ញាមួយ ដែលត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ ក្នុងបំណងទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលបានធ្វើឱ្យខាតបង់សេដ្ឋកិច្ចពិភពលោករាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានភ្លាមៗបន្ទាប់ពីប្រទេសទាំងនេះបានផ្ដល់សច្ចាប័នរួច ហើយវាក៏ជាសកម្មភាពមួយមិនធ្លាប់មានពីមុនមក ដោយ UN រំពឹងថា វានឹងធ្វើឱ្យការឆ្លើយតបចំពោះឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតកាន់តែលឿន និងមានប្រសិទ្ធភាពជាងមុន។
ក្រុមសកម្មជន ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានព្រមានពីការរំលោភបំពានជាយថាហេតុ ដោយសារតែការប្រើប្រាស់ភាសាមិនច្បាស់លាស់លើឧក្រិដ្ឋកម្ម ដោយអ្នកខ្លះនិយាយថា ពាក្យនេះនឹងជួយសម្រួលជាជាងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពខុសច្បាប់។
បញ្ជីឈ្មោះប្រទេសហត្ថលេខីមិនត្រូវបានបង្ហាញជាសាធារណៈនោះទេ ខណៈសហភាពអឺរ៉ុប និងកាណាដា គ្រោងនឹងចុះហត្ថលេខាលើកតិកាសញ្ញានេះ ដើម្បីការពារសុវត្ថិភាព និងការពារសិទ្ធិមនុស្ស។ ក្រសួងការបរទេសអាម៉េរិក បានបដិសេធមិនបញ្ជាក់ថា តើសហរដ្ឋអាម៉េរិកនឹងបញ្ជូនតំណាងរបស់ពួកគេឱ្យទៅចូលរួមក្នុងពិធីចុះហត្ថលេខានេះ ឬយ៉ាងណានោះទេ។
សម្រាប់វៀតណាមវិញ ការជ្រើសរើសរបស់វៀតណាម ក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំពិធីចុះហត្ថលេខានេះ បានទាក់ទាញការរិះគន់ជាខ្លាំងដោយសារតែប្រទេសនេះមានប្រវត្តិរំលោភលើសិទ្ធិមនុស្សជាច្រើន។ ជាក់ស្ដែងនៅក្នុងរបាយការណ៍មួយកាលពីខែសីហា ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សមួយចំនួននៅប្រទេសវៀតណាម រួមទាំងការរឹតបន្តឹងលើសេរីភាព នៃការបញ្ចេញមតិតាមអ៊ីនធឺណិតផងដែរ៕
ដោយ៖ សុខ មង្គល