យោងតាមរបាយការណ៍វាយតម្លៃថ្មីបំផុតរបស់អង្គការ UNDP សង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានឈានចូលដល់សប្តាហ៍ទី៥ អាចរុញច្រានឱ្យផលិតផលក្នុងស្រុកសរុបរួមរបស់តំបន់អារ៉ាប់ ធ្លាក់ចុះចន្លោះពី៣,៧% ទៅ៦%។ ការបាត់បង់នេះត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃពី១២០ពាន់លានទៅដល់១៩៤ពាន់លានដុល្លារ ដែលជាតួលេខលើសពីកំណើន GDP សរុបដែលសម្រេចបានក្នុងឆ្នាំ២០២៥ ទៅទៀត។
ទីភ្នាក់ងារព័ត៌មាន Anadolu បានស្រង់សម្តីរបស់មន្ត្រី UNDP ថា ជម្លោះនេះបានរីករាលដាលពីកម្រិតក្នុងស្រុកទៅជាវិបត្តិថ្នាក់តំបន់យ៉ាងរហ័ស ដោយបានវាយប្រហារចំចំណុចខ្សោយ នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចរួមមានការជាប់គាំងខ្សែច្រវាក់ពាណិជ្ជកម្ម ភាពមិនប្រាកដប្រជានៃទីផ្សារថាមពល និងការខូចខាតផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រ។
របាយការណ៍ដដែលបានបង្ហាញតួលេខដ៏គួរឱ្យបារម្ភថា អត្រាអ្នកអត់ការងារធ្វើអាចនឹងហក់ឡើងដល់៤% ដែលស្មើនឹងការបាត់បង់ការងារប្រមាណ៣,៦លានកន្លែង ខណៈពលរដ្ឋជិត៤លាននាក់ទៀតប្រឈមនឹងការធ្លាក់ខ្លួនក្រីក្រ៕
អត្ថបទៈ សួន ឡង់ទី