ការផ្ទុះសង្គ្រាមពាក្យសម្តីនៅកិច្ចប្រជុំបិទទ្វារក្រុមប្រឹក្សាសន្តិអង្គការសហប្រជាជាតិបានកើតឡើងនៅពេលដែលរុស្ស៊ីចោទប្រកាន់ថា អ៊ុយក្រែនមានមន្ទីរពិសោធន៍ជាច្រើន ដែលឧបត្ថម្ភដោយអាមេរិក សម្រាប់ស្រាវជ្រាវជីវសាស្ត្រ ដើម្បីផលិតជាអាវុធនៅពេលអានាគត។ រុស្ស៊ីក៏ធ្លាប់បានអះអាងដូចនេះម្តងដែរ ដោយបានសំអាងលើភស្តុតាង ដែលខ្លួនបានរកឃើញនៅពេលចូលវាយលុកអ៊ុយក្រែន។
វាជាលើកទីបីហើយ ដែលរុស្ស៊ីបានលើកឡើងពីបញ្ហាអាវុធជីវសាស្ត្រ ឬគីមី ចាប់តាំងពីបានចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថា «ប្រតិបត្តិការយោធាពិសេស» កាលពីថ្ងៃទី២៤ខែកុម្ភៈ។ បស្ចិមលោកនិងអ៊ុយក្រែន ច្រានចោលការលើកឡើងរបស់រុស្ស៊ី ថាជាលេសមិនពិត ដើម្បីឈ្លានពានអ៊ុយក្រែន។
រុស្ស៊ី និងសហរដ្ឋអាមេរិក នៅតែបន្តចោទប្រកាន់គ្នាទៅវិញទៅមករឿងប្រើប្រាស់អាវុធ គីមីនិងជីវសាស្ត្រនេះ ដោយម៉ូស្កូនិយាយថា អាមេរិក និងអង្គការណាតូ មានអាវុធប្រភេទនេះនិងបម្រុងបញ្ជូនឲ្យមកអ៊ុយក្រែនប្រើ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានច្រានចោលការចោទប្រកាន់របស់រុស្ស៊ីវិញថា ជារឿងគួរឱ្យអស់សំណើច។ លោកស្រីបានបន្តថា៖ «ការព្រួយបារម្ភរបស់យើងគឺថា នេះជាបុព្វហេតុសម្រាប់ផែនការរបស់រុស្ស៊ីក្នុងការប្រើអាវុធគីមីមកលើអ៊ុយក្រែនទៅវិញទេ។
យ៉ាងណាក៏ដោយ ទាំងនេះសុទ្ធសឹងជាការលើកឡើងព្រាលៗ រៀងៗខ្លួនប៉ុណ្ណោះ ដោយមិនមានភស្តុតាងណាមួយបញ្ជាក់ច្បាស់លាស់នៅឡើយ។ មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកមិនទាន់ឃើញការបង្ហាញជាក់ស្តែងណាមួយនៃការវាយប្រហារដោយអាវុធគីមី ឬជីវសាស្ត្ររបស់រុស្សីនៅក្នុងប្រទេសអ៊ុយក្រែននៅឡើយទេ ប៉ុន្តែកំពុងតាមដានយ៉ាងដិតដល់តាមរយៈក្រុមព័ត៌មានសម្ងាត់។
សូមជម្រាបថា កាលពីថ្ងៃចន្ទទី២១មីនា ប្រធានាធិបតីអាមេរិក លោកចូ បៃដិនបានលើកឡើងដែរថា វាមានសញ្ញាដែលបញ្ជាក់ថា រុស្ស៊ីអាចនឹងប្រើអាវុធគីមី និងអាវុធជីវសាស្ត្រមកលើអ៊ុយក្រែន។ សញ្ញា ទីមួយនោះគឺថា លោកពូទីន កំពុងតែទ័លច្រកខ្លាំង។ ហើយទី២ គឺរុស្ស៊ីបានចាប់ផ្តើមបំផុសបំផុលពាក្យចចាមអារ៉ាម ចោទអាមេរិក ចោទអង្គការណាតូ និង អ៊ុយក្រែន ថាមានអាវុធប្រភេទនេះ ហើយទើបចាប់ផ្តើមប្រើដោយខ្លួនឯងតែម្តង។
លោកចូ បៃដិន បានបញ្ជាក់ជាថ្មីថា ប្រសិនបើរុស្ស៊ី ហ៊ានប្រើអាវុធកាចសាហាវទាំង២ប្រភេទនេះ ទៅលើអ៊ុយក្រែន សហរដ្ឋអាមេរិក រួមទាំងណាតូ និងរួមគ្នាឆ្លើយតបទៅរុស្ស៊ីវិញឲ្យចាស់ដៃតែម្ដង។ ប៉ុន្តែលោកមិនបានបញ្ជាក់លំអិតទេ ថាការឆ្លើយតបវិញនោះ គឺធ្វើទៅក្នុងរូបភាពបែបទណ្ឌកម្មសេដ្ឋកិច្ច ឬតាមផ្លូវយោធា ឬបែបណានោះទេ៕