ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Vladanka Andreeva ដែលទើបនឹងទទួលបានការតែងតាំងជា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត
ដោយ

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសម្ដែងការអបអរសាទរចំពោះ លោកស្រី Vladanka Andreeva ដែលបានវិលត្រឡប់មកកម្ពុជាវិញក្នុងតួនាទីជាអ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា និងបានគូសបញ្ជាក់អំពីជំហរដ៏មុតមាំរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គការសហប្រជាជាតិ ក៏ដូចជាទីភ្នាក់ងារ និងស្ថាប័ននានា ក្នុងប្រព័ន្ធរបស់អង្គការសហប្រជាជាតិ (UN System)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានរំលឹកអំពីភាពជាដៃគូដ៏យូរអង្វែងជាមួយនឹងអង្គការសហប្រជាជាតិ ពិសេសលើតួនាទីជាប្រវត្តិសាស្ត្ររបស់អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNTAC) ក្នុងការរៀបចំការបោះឆ្នោតជាលើកដំបូងក្នុងឆ្នាំ១៩៩៣ រហូតដល់ដំណាក់កាលស្តារ​ និងការកសាងកម្ពុជាឡើងវិញ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការស្វែងរកសន្តិភាព ការរក្សាស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងការបង្កើត និងដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលជាតុលាការគំរូមួយសម្រាប់ពិភពលោក និងបានកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហមប្រកបដោយជោគជ័យនិងមានលក្ខណៈជាប្រវត្តិសាស្រ្ត។ បច្ចុប្បន្ននេះ អ.វ.ត.ក. បានបង្កើតឱ្យមានមជ្ឈមណ្ឌលធនធានមួយដែលកំពុងក្លាយជាកន្លែងដ៏ពេញនិយមរបស់យុវជន យុវនារី មកធ្វើការសិក្សាស្រាវជ្រាវនិងរៀនសូត្រ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងផងដែរ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា -ថៃ ដោយបានគូសបញ្ជាក់ថា បញ្ហានេះមិនមែនជាជម្លោះព្រំដែនធម្មតាទេ តែជាសង្រ្គាមឈ្លានពានរបស់ថៃរំលោភលើអធិបតេយ្យភាពរបស់កម្ពុជាតែម្តង។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ កម្ពុជានៅតែបន្តខិតខំដោះស្រាយបញ្ហានេះដោយសន្ដិវិធី ឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបើកប្រតិបត្តិការបោសសម្អាតនិងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលជាឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏កំពុងជំរុញកម្មវិធីកែទម្រង់នានា, ការជំរុញកំណើនសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាការងារ ប្រាក់ចំណូល និងជីវភាពប្រជាជន ពិសេសប្រជាជនភៀសសឹកដែលរងផលប៉ះពាល់ដោយសារសង្រ្គាមឈ្លានពានរបស់ថៃ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ឱ្យអនុវត្ដ ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់វាស់វែងអំពីវឌ្ឍនភាពនៃការអនុវត្ដយុទ្ធសាស្រ្ដ និងគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់ជាធាតុចូលសម្រាប់ការរៀបចំយុទ្ធសាស្រ្ដចាកចេញពីប្រទេសអភិវឌ្ឍតិចតួច (Least Developed Country – LDC) នាពេលខាងមុខ។ ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានសង្កត់ធ្ងន់ពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នចំណុះអង្គការសហប្រជាជាតិ រួមមាន UNICEF និង UNDP ជាដើម ក្នុងការគាំទ្រដល់ដំណើរការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដោយហេតុថាស្ថាប័នទាំងនោះមានអ្នកជំនាញដែលមានបទពិសោធខ្ពស់លើកិច្ចការទាំងនេះ។

លោកស្រី Vladanka Andreeva ​បាន​បញ្ជាក់​ជាថ្មី​អំពី​ការប្តេជ្ញាចិត្ត​របស់​អង្គការសហប្រជាជាតិ​ក្នុងការគាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា រួមទាំងគោលដៅ​របស់កម្ពុជា​ក្នុង​ការ​ចាក​ចេញពី​ឋានៈ​ប្រទេស​​មាន​ការអភិវឌ្ឍ​តិចតួច​បំផុត (LDC) នៅ​ឆ្នាំ ២០២៩ និង​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) នៅ​ឆ្នាំ ២០៣០។ លោកស្រីក៏បានសម្តែងការសោកស្តាយជាខ្លាំងចំពោះប្រជាជន និងគ្រួសារភៀសសឹក ដែលបានរងផលប៉ះពាល់ ដោយជម្លោះព្រំដែនអស់រយៈ៦ខែកន្លងទៅនេះ ហើយលោកស្រីនឹងបន្តចូលរួមផ្តល់ជំនួយមនុស្សធម៌ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនេះ លោកស្រីក៏បានវាយតម្លៃខ្ពស់និងសម្តែងការកោតសរសើរដល់សមិទ្ធផលសម្រេចបានទាក់ទងនឹងការបញ្ចប់ដោយជោគជ័យ នៃដំណើរការកាត់សេចក្តីអតីតមេដឹកនាំខ្មែរក្រហម ហើយបានធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសមានបទពិសោធខ្ពស់លើការងារនេះ។ លោកស្រី Vladanka Andreeva បានបញ្ជាក់ថា អង្គការសហប្រជាជាតិ និងទីភ្នាក់ងារ និងស្ថាប័នផ្សេងទៀត ក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ បានបន្តគាំទ្រផ្ដល់ជំនួយផ្នែកបច្ចេកទេស, ការកសាងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្រ្តីលើកិច្ចការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ, ការពង្រឹងប្រព័ន្ធគ្រប់គ្រង និងការចែករំលែកទិន្នន័យ និងអាចជួយគាំទ្រដល់ការវាយតម្លៃពាក់កណ្ដាលអាណត្តិ និងចុងអាណត្តិ ដើម្បីសម្រេចបាននូវការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងដំណាក់កាលក្រោយការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចបំផុត (LDC)។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្លាស់ប្តូរមតិយោបល់ជាមួយលោកស្រី Vladanka Andreeva លើបញ្ហាមួយចំនួន ក្នុងតំបន់ និងពិភពលោកផងដែរ ពិសេសអំពីការដើរតួនាទីរបស់អង្គការសហប្រជាជាតិទៅថ្ងៃខាងមុខ ដោយផ្អែកលើមូលដ្ឋាននៃការវិវត្តន៍សណ្តាប់ធ្នាប់ពិភពលោក ក្នុងពេលបច្ចុប្បន្ន។ ទោះបីយ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចអំពីតួនាទីសំខាន់មិនអាចខ្វះបានរបស់អង្គការសហប្រជាជាតិ សម្រាប់តំបន់ និងពិភពលោក ក្នុងការលើកកម្ពស់ច្បាប់អន្តរជាតិ, ការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋជាសមាជិក និងការលើកកម្ពស់សន្តិភាព ព្រមទាំងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ អង្គការសហប្រជាជាតិ គឺជាយន្តការដ៏សំខាន់សម្រាប់កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការដោះស្រាយបញ្ហារួមគ្នាមួយចំនួនដែលគ្មានប្រទេសណាមួយអាចដោះស្រាយតែម្នាក់ឯងបាន ដូចជា៖ បញ្ហា Online Scam, ភាពតានតឹងនានា, អស្ថិរភាពសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុ ព្រមទាំងវិបត្តិមនុស្សជាតិជាដើម។

មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់លោកស្រី Vladanka Andreeva ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិនាពេលកន្លងមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកទឹកចិត្តឱ្យអង្គការសហប្រជាជាតិ ក៏ដូចជាទីភ្នាក់ងារ និងស្ថាប័នផ្សេងទៀត ក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ បន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការឱ្យកាន់តែជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា។




អត្ថបទបន្ទាប់


រុស្ស៊ី គ្រោងបញ្ជូនប្រេងឆៅ និងប្រេងឥន្ធនៈទៅកាន់គុយបា ឆាប់ៗនេះដើម្បីសង្គ្រោះប្រទេសដែនកោះមួយនេះ

ស្ថានទូតរុស្ស៊ីប្រចាំប្រទេសគុយបាបានបញ្ជាក់ថា ប្រទេសរុស្ស៊ីកំពុងត្រៀមបញ្ជូនប្រេងឥន្ធនៈ និងឧស្ម័នទៅកាន់ប្រទេសគុយបាក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ