
តើអ្វីទៅជាអំពើភេរវកម្មកសិកម្ម? អំពើភេរវកម្មកសិកម្មសំដៅដល់សកម្មភាពល្មើសច្បាប់ ដែលបុគ្គលណាម្នាក់ ឬរដ្ឋណាមួយព្យាយាមបំផ្លាញប្រទេសមួយតាមរយៈការបំផ្លាញការផ្គត់ផ្គត់ស្បៀងរបស់ប្រទេសនោះ ដូចជាដំណាំ ឬបសុសត្វដោយប្រើជំងឺ សត្វល្អិត ឬសារធាតុគីមីដែលបង្កគ្រោះថ្នាក់ ហើយគោលបំណងនៃអំពើភេរវកម្មកសិកម្មនេះ គឺដើម្បីបង្កការភ័យខ្លាច បង្កកង្វះស្បៀងអាហារ ឬបង្កការខូចខាតសេដ្ឋកិច្ចជាដើម។
ជនជាតិចិន ពីរនាក់ត្រូវបានអាជ្ញាធរនៅសហរដ្ឋអាម៉េរិក ចាប់ខ្លួន និងចោទប្រកាន់ពីបទរត់ពន្ធមេរោគផ្សិតដ៏គ្រោះថ្នាក់ ដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណាំសំខាន់ៗរបស់សហរដ្ឋអាម៉េរិករួមមានស្រូវសាលី ស្រូវបាលី (barley) ពោត និងដំណាំស្រូវជាដើម ដែលសហរដ្ឋអាម៉េរិកចាត់ទុកថាអាចជាអាវុធភេរវកម្មកសិកម្មរបស់មហាយក្សចិន។ ករណីនេះបាននាំឱ្យមានការអំពាវនាវជាថ្មីឱ្យអនុវត្តឡើងវិញនូវកម្មវិធីមួយមានឈ្មោះថា គំនិតផ្ដួចផ្ដើមចិន ដែលត្រូវបានបង្កើតឡើងដោយក្រសួងយុត្តិធម៌អាម៉េរិកអំឡុងពេលលោក ដូណាល់ ត្រាំ កាន់អំណាចអាណត្តិទី១ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងចារកម្មឧស្សាហកម្មរបស់ប្រទេសចិន។
សូមបញ្ជាក់ថា កម្មវិធីនេះត្រូវបានរដ្ឋបាលលោក ចូ បៃឌិន សម្រេចបិទចោលវិញនៅឆ្នាំ២០២២ ស្របពេលមានការចោទប្រកាន់អំពីការរើសអើងពូជសាសន៍ប្រឆាំងលើក្រុមអ្នកវិទ្យាសាស្ត្រចិន និងក្រុមអ្នកវិទ្យាសាស្ត្រអាម៉រិកដើមកំណើតចិន។
យោងតាមអ្នកជំនាញបានឱ្យដឹងថា មេរោគផ្សិតដ៏គ្រោះថ្នាក់ ដែលអាជ្ញាធរអាម៉េរិកចាប់បាននោះមានសមត្ថភាពខ្លាំងអាចបំផ្លាញដំណាំសំខាន់ៗដូចជាស្រូវសាលី និងពោតជាដើមរហូតដល់ទៅជាង៥០%ឯណោះ។ ក្រុមមន្ត្រីអាម៉េរិកបាននិយាយថា ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI របស់សហរដ្ឋអាម៉េរិកបានចាប់ខ្លួនស្ត្រីអ្នកស្រាវជ្រាវម្នាក់វ័យ៣៣ឆ្នាំឈ្មោះ យុនឈីង ជៀន (Yunqing Jian) នៅសកលវិទ្យាល័យមីឈីហ្គែនរបស់សហរដ្ឋអាម៉េរិកពីបទរត់ពន្ធមេរោគផ្សិតដ៏គ្រោះថ្នាក់នេះចូលទៅក្នុងសហរដ្ឋអាម៉េរិក ហើយឧបករណ៍អេឡិចត្រូនិច ដែលស្ត្រីអ្នកស្រាវជ្រាវរូបនេះប្រើប្រាស់មានព័ត៌មានដែលបង្ហាញថា នាងជាសមាជិកបក្សកុម្មុយនីស្តចិន។
ហើយមិត្តប្រុសរបស់នាងឈ្មោះ ជុនយ៉ុង លីវ (Zunyong Liu) អាយុ៣៤ឆ្នាំដែលជាអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យចឺជាំង នៅប្រទេសចិន ក៏ត្រូវបានចោទប្រកាន់ផងដែរ ក្រោយពីត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានលើទឹកដីសហរដ្ឋអាម៉េរិក ជាមួយនឹងមេរោគផ្សិតនៅក្នុងកាបូបស្ពាយរបស់គាត់កាលពីឆ្នាំមុន។ ក្រុមមន្ត្រីអាម៉េរិកបាននិយាយថា ករណីនេះបង្ហាញពីវិធីដែលមហាយក្សចិន កំពុងព្យាយាមបំផ្លាញការផ្គត់ផ្គង់ស្បៀងអាហាររបស់សហរដ្ឋអាម៉េរិក ដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្ស និងសេដ្ឋកិច្ចជាតិរបស់សហរដ្ឋអាម៉េរិក៕
ដោយ: តែម សុខុម