ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានសម្រេចដាក់បញ្ចូលប្រទេសចំនួន១២ទៅក្នុងបញ្ជីដែលតម្រូវឱ្យតម្កល់ប្រាក់ធានាពី៥ពាន់ដុល្លាររហូតដល់១ម៉ឺន៥ពាន់ដុល្លារពេលស្នើសុំទិដ្ឋាការធ្វើដំណើរចូលទឹកដីសហរដ្ឋអាម៉េរិក។ ប្រទេសទាំងនេះរួមមាន កម្ពុជា អេត្យូពី ហ្សកហ្ស៊ី ឡេសូតូ ម៉ុងហ្គោលី ប៉ាពួញូហ្គីណេ និងទុយនីស៊ីជាដើម។ នេះគឺជាការសម្រេចចិត្តចុងក្រោយបំផុតមួយរបស់អាជ្ញាធរអាម៉េរិក ដើម្បីរឹតបន្តឹងជនអន្តោប្រវេសន៍ចូលទៅក្នុងទឹកដីអាម៉េរិក។ ការបន្ថែមប្រទេសទាំង១២នេះ បានធ្វើឲ្យប្រទេសនៅក្នុងបញ្ជីនេះកើនដល់៥០ប្រទេស។
ប្រភេទទិដ្ឋាការដែលតម្រូវឱ្យដាក់ប្រាក់តម្កល់រួមមាន B-1 និង B-2 ដែលអាជ្ញាធរអាម៉េរិកចេញសម្រាប់អ្នកជំនួញ និងអ្នកទេសចរ ហើយតម្លៃនឹងកំណត់ដោយមន្រ្តី នៃអគ្គកុងស៊ុលនៅក្នុងអំឡុងពេលសម្ភាស។ តម្លៃប្រាក់ធានា ដែលតម្រូវឲ្យបង់សម្រាប់ការស្នើសុំទិដ្ឋាការនេះមាន៣កម្រិតដោយចាប់ពី៥ពាន់ដុល្លាររហូតដល់១ម៉ឺន៥ពាន់ដុល្លារ។ គម្រោងរឹតបន្តឹងប្រាក់ធានានេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ តទៅ៕
ដោយៈ សរ សុជាតិ