សារព័ត៌មាន CNBC បានរាយការណ៍ថា ដើម្បីរក្សាស្ថិរភាពទីផ្សារថាមពលពិភពលោក សហរដ្ឋអាម៉េរិក បានអនុញ្ញាតឱ្យប្រទេសនានា ទិញប្រេងរុស្ស៊ី បណ្ដោះអាសន្នរយៈពេល៣០ថ្ងៃ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) បានអះអាថា នេះជាវិធានការរយៈពេលខ្លី និងមានពេលកំណត់ ដែលអនុវត្តចំពោះតែប្រេងរុស្ស៊ី ដែលបានផ្ទុកលើកប៉ាល់រួចហើយប៉ុណ្ណោះ។
បច្ចុប្បន្នប្រេងរុស្ស៊ីប្រមាណ១២៤លានបារ៉ែល កំពុងស្ថិតនៅលើសមុទ្រទូទាំងពិភពលោក ដែលស្មើនឹងប្រមាណ៥ទៅ៦ថ្ងៃនៃការផ្គត់ផ្គង់ប្រេងទូទាំងពិភពលោក។ តម្លៃប្រេងមានភាពប្រែប្រួលខ្លាំងចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបានឈានចូលដល់ថ្ងៃទី១៤ ហើយគិតត្រឹមថ្ងៃទី១៣ ខែមីនា ដោយប្រេងឡើងថ្លៃជិតដល់១២០ដុល្លារក្នុងមួយបារ៉ែលកាលពីដើមសប្តាហ៍នេះ។
វិធានការបណ្តោះអាសន្ននេះអនុញ្ញាតឱ្យប្រទេសនានាទិញប្រេងរបស់រុស្ស៊ី ដែលបានផ្ទុកលើកប៉ាល់មុនថ្ងៃទី១២ ខែមីនា ដោយប្រតិបត្តិការទិញលក់ត្រូវបានអនុញ្ញាតរហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។
ក្រុមមន្ត្រីអាម៉េរិក បានសង្កត់ធ្ងន់ថា ការសម្រេចនេះនឹងមិនផ្តល់អត្ថប្រយោជន៍ច្រើនដល់រដ្ឋាភិបាលរុស្ស៊ី នោះទេ ព្រោះចំណូលប្រេងភាគច្រើនរបស់រុស្ស៊ី បានមកពីការប្រមូលពន្ធនៅពេលដែលប្រេងត្រូវបានខួងយក។ បណ្ដាប្រទេសលោកខាងលិច រួមទាំងសហភាពអឺរ៉ុប និងក្រុមប្រទេស G7 នៅតែរក្សាទណ្ឌកម្ម និងការកំណត់តម្លៃលើប្រេងរុស្ស៊ី ដើម្បីដាក់សម្ពាធលើទីក្រុងមូស្គូ ចំពោះការឈ្លានពានលើអ៊ុយក្រែន។
រុស្សី កើបលុយ ១៥០លានដុល្លារក្នុងមួយថ្ងៃពីការលក់ប្រេង ដោយសារតែមានតម្រូវការកើនឡើងពីប្រទេសចិន និងឥណ្ឌា ចំពេលដែលវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាបន្ដអូសបន្លាយ និងមានការបិទច្រកសមុទ្រ ហ័រម៉ូស។ តាមការប៉ាន់ស្មាន របស់សារព័ត៌មាន Financial Times ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ផ្ទុះមក ទីក្រុងម៉ូស្គូ ទទួលបានចំណូលពន្ធបន្ថែមចន្លោះពី ១,៣ ទៅ ១,៩ ពាន់លានដុល្លារពីការនាំចេញប្រេងនេះ និងរំពឹងថា នឹងអាចទទួលបានដល់ជិត ៥ពាន់លានដុល្លារគិតនៅត្រឹមចុងខែមីនានេះ។
រុស្ស៊ី បានក្លាយជាអ្នកឈ្នះធំជាងគេពីសង្គ្រាមអាម៉េរិក-អ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់ ដែលបាន និងកំពុងឆេះក្ដៅគគុកអស់រយៈពេល២សប្ដាហ៍មកនេះ។ ជាក់ស្ដែង ក្រោយពេលដែល តម្លៃប្រេងកំពុងហក់ឡើងខ្ពស់ដោយសារតែការខ្វះប្រេងផ្គត់ផ្គង់លើទីផ្សារ សហរដ្ឋអាម៉េរិក បានសម្រេចដកទណ្ឌកម្មប្រេងពីរុស្ស៊ី ជាបណ្ដោះអាសន្ន ដោយអនុញ្ញាតឱ្យប្រទេសនានា អាចទិញប្រេងពីរុស្ស៊ីបានក្នុងរយៈពេល ៣០ថ្ងៃ។ ការបើកភ្លើងបៃតងរបស់អាម៉េរិកសម្រាប់ប្រេងរុស្ស៊ីនេះ គេជឿថា នឹងធ្វើឱ្យប្រាក់ចំណូលរបស់ទីក្រុងម៉ូស្គូនឹងកើនឡើងកាន់តែច្រើនថែមទៀត៕
ដោយ: តែម សុខុម