វិស័យពាណិជ្ជកម្ម

ជំហ៊ានជើងទី១នៃលទ្ធផលការចរចា អាម៉េរិក និងចិន ព្រមព្រៀងកាត់បន្ថយពន្ធបដិការ១១៥% រៀងៗខ្លួន សម្រាប់រយៈពេល៩០ថ្ងៃ


សហរដ្ឋអាម៉េរិក និងចិន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយនៅថ្ងៃចន្ទ សប្តាហ៍នេះ ដោយបានព្រមព្រៀងកាត់បន្ថយពន្ធបដិការ១១៥% រៀងៗខ្លួន សម្រាប់រយៈពេល៩០ថ្ងៃ ពោលគឺអាម៉េរិក បានបញ្ចុះពន្ធបដិការលើទំនិញចិន ពី១៤៥% មកនៅត្រឹម៣០% ខណៈចិនបានបញ្ចុះពី១២៥% មកនៅត្រឹម១០%។ ក្រោយការបញ្ចុះពន្ធបដិការ ភាគីទាំងពីរបានទទួលស្គាល់ពីសារសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយនិរន្តរភាព យូរអង្វែង និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។
វិស័យពាណិជ្ជកម្ម
ដោយ

ក្រោយជួបពិភាក្សាគ្នាជំហ៊ានទី១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អស់រយៈពេលពីរថ្ងៃកាលពីចុងសប្ដាហ៍មុន សហរដ្ឋអាម៉េរិក និងប្រទេសចិន បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយនៅថ្ងៃចន្ទ សប្តាហ៍នេះ ដោយបានប្រកាសពីកិច្ចព្រមព្រៀងដើម្បីកាត់បន្ថយពន្ធបដិការសម្រាប់៩០ថ្ងៃ ដែលជាការបន្ធូរបន្ថយកម្ដៅសង្គ្រាមពាណិជ្ជកម្មដ៏ធំមួយរវាងមហាអំណាចទាំងពីរនេះ។

រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក ស្កុត បេសេន បានអះអាងថា ភាគីទាំងពីរនឹងកាត់បន្ថយពន្ធបដិការ១១៥% លើទំនិញរៀងៗខ្លួន ដោយអនុវត្តចាប់ពីថ្ងៃពុធ សប្ដាហ៍នេះតទៅសម្រាប់រយៈពេលកំណត់ខាងលើនេះ។ វាមានន័យថា ពន្ធរបស់អាម៉េរិក លើការនាំចូលរបស់ចិន នឹងធ្លាក់មកនៅត្រឹម៣០% រីឯពន្ធរបស់ចិន លើការនាំចូលទំនិញពីអាម៉េរិក នឹងធ្លាក់ចុះមកនៅត្រឹម១០%។ នេះជាការកាត់បន្ថយពន្ធដ៏ច្រើនជាងការរំពឹងទុកទៅទៀតក្នុងជំហ៊ានដំបូងនៃការចរចា ប៉ុន្តែពន្ធ៣០% របស់អាម៉េរិក លើការនាំចូលរបស់ចិន នៅតែខ្ពស់។

ទន្ទឹមនឹងនេះ ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ ក៏បានទទួលស្គាល់អំពីសារសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយនិរន្តរភាព យូរអង្វែង និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងបានចាត់ទុកកិច្ចចរចាពាណិជ្ជកម្មនេះថា ជាជោគជ័យមួយសម្រាប់ប្រទេសទាំងពីរ និងសម្រាប់ប្រទេសផ្សេងៗនៅលើពិភពលោក។

ក្រុមវិនិយោគិនបានអបអរសាទរចំពោះលទ្ធភាពនៃកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រោះវាជាសញ្ញាវិជ្ជមានល្អមួយ ដែលអាចធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីរថយកម្តៅ និងលុបបំបាត់ភាពមិនច្បាស់លាស់មួយចំនួននៃទីផ្សារហិរញ្ញវត្ថុ ដែលបាំងបិទដោយពពកខ្មៅនៃជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរអស់រយៈពេលជាយូរមកហើយ។

ស្របពេលមានសញ្ញានៃការធូរស្បើយចិត្តរបស់ក្រុមវិនិយោគិនចំពោះសង្រ្គាមពាណិជ្ជកម្មដ៏អាក្រក់បំផុតនេះ ទីផ្សារភាគហ៊ុនរបស់អាម៉េរិក បានកើនឡើងកាលពីល្ងាចថ្ងៃអាទិត្យ ដោយផ្សារហ៊ុន S&P 500 បានកើនឡើង១,៣% ខណៈផ្សារហ៊ុន Nasdaq កើនឡើង១,៦%៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ការនាំចេញទំនិញរបស់កម្ពុជា ទៅអាម៉េរិក នៅតែរក្សាបានកំណើនជាង២២% ទោះកម្ពុជា រងសម្ពាធពន្ធបដិការ

ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារឥទ្ធិពលនៃសម្ពាធពន្ធរបស់សហរដ្ឋអាម៉េរិក យ៉ាងណាក្តី ប៉ុន្តែការនាំចេញទ…

លោក ហ្សេឡិនស្គី ជំរុញឱ្យលោក ពូទីន ទៅប្រទេសតួកគី ប្រសិនបើលោកពិតជាចង់ចរចាផ្ទាល់ពិតប្រាកដមែន

ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី បានប្រកាសក្ដែងៗថា លោកបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីជួបចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន ដោយផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ