
រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក ស្កុត បេសេន និង តំណាងពាណិជ្ជកម្មអាម៉េរិក លោក ជេមីសុន គ្រៀ (Jamieson Greer) នឹងធ្វើដំណើរទៅកាន់ប្រទេសស្វីស ដើម្បីជួបភាគីចិនពិភាក្សាគ្នាលើបញ្ហាពាណិជ្ជកម្មពន្ធគយនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ។ បើតាមសារព័ត៌មានរដ្ឋ ស៊ីនហួរ លោក ហេ លីហ្វឹង (He Lifeng) នឹងតំណាងឱ្យប្រទេសចិន សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់ជាមួយសហរដ្ឋអាម៉េរិកនេះ ដើម្បីពិភាក្សាអំពីកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលមានភាពល្អក់កករខ្លាំងនៅមួយរយៈចុងក្រោយ។
នៅប៉ុន្មានសប្តាហ៍មុន ភាគីទាំងពីរនេះ ហាក់បីដូចជាស្ទាក់ស្ទើរក្នុងការចេញមុខមុន ដើម្បីបើកការចរចារកផ្លូវផ្សះផ្សាជម្លោះពាណិជ្ជកម្មពន្ធបដិការនេះ ចំពេលមានការដំឡើងពន្ធដាក់គ្នាទៅវិញទៅមកបន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសយកពន្ធបដិការនៅថ្ងៃទី២ ខែមេសា កន្លងទៅថ្មីៗនេះ។
នេះជាលើកដំបូងហើយ ដែលតំណាងប្រទេសទាំងពីរបានយល់ព្រមជួបប្រជុំគ្នានៅប្រទេសស្វីស ដែលភាគីទាំងពីរគិតថា ជាទីតាំងអព្យាក្រឹតមួយ ដើម្បីបំបែកភាពទាល់ច្រកនៃការដំឡើងពន្ធដាក់គ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ដែលជាក្តីកង្វល់ដ៏ធំសម្រាប់សេដ្ឋកិច្ចពិភពលោក។
សូមរំលឹកថា បច្ចុប្បន្នពន្ធគយរបស់សហរដ្ឋអាម៉េរិក ដែលបានដាក់លើផលិតផលរបស់ចិនមានអត្រា១៤៥% ខណៈប្រទេសចិន បានយកពន្ធសងសឹកលើទំនិញរបស់សហរដ្ឋអាម៉េរិកវិញក្នុងអត្រា១២៥%។ ក្រោយផ្ទុះសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរបានធ្វើឱ្យតម្លៃប្រាក់ដុល្លារធ្លាក់ចុះ និងទីផ្សារភាគហ៊ុនអាម៉េរិក ធ្លាក់ចុះផងដែរ ខណៈអ្នកសេដ្ឋកិច្ចបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចចិន នៅឆ្នាំនេះ មកនៅក្រោមគោលដៅ៥% ដែលរដ្ឋាភិបាលចិន បានព្យាករកន្លងមក។
ធនាគារកណ្តាល និងនិយ័តករហិរញ្ញវត្ថុរបស់ចិន គ្រោងនឹងធ្វើសន្និសីទសង្ខេបមួយនៅសប្តាហ៍នេះ ដើម្បីប្រកាសកញ្ចប់គោលនយោបាយហិរញ្ញវត្ថុដ៏ទូលំទូលាយមួយ ដើម្បីធ្វើឱ្យទីផ្សារ និងការរំពឹងទុកសម្រាប់កំណើនសេដ្ឋកិច្ចកាន់តែមានស្ថិរភាព៕
ដោយ៖ សុខ មង្គល