
មន្ត្រីអាម៉េរិក និងចិន បានបន្តជួបចរចាគ្នា ដើម្បីដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្ម និងការលក់ក្រុមហ៊ុន TikTok នៅអាម៉េរិក ដ៏ចម្រូងចម្រាស ស្របពេលថ្ងៃឱសានវាទកាន់តែខិតជិតចូលមកដល់។ កិច្ចចរចាជុំទី៤នេះប្រព្រឹត្តទៅចន្លោះពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។ នៅក្នុងការចរចាថ្ងៃដំបូងកាលពពីថ្ងៃ១៤ ខែកញ្ញា ភាគីទាំងពីរនៅមិនទាន់អាចរកច្រកចេញបាននៅឡើយទេ ក្រោយពីការជជែកគ្នាអស់រយៈពេលប្រហែល៦ម៉ោង ដែលធ្វើឱ្យពួកគេត្រូវបន្តជួបចរចាជាលើកទី២នៅថ្ងៃទី១៥ ខែកញ្ញា នេះ។
គួររំលឹកថា គណៈប្រតិភូអាម៉េរិក ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Scott Bessent និងគណៈប្រតិភូចិន ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចិន លោក ហ៊ី លីហ្វឹង (He Lifeng) បានជួបចរចាគ្នាតាំងពីខែឧសភា មកម្ល៉េះ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាពាក់ព័ន្ធបញ្ហាពន្ធគយដែលមហាអំណាចទាំងពីរនេះបានដំឡើងដាក់គ្នាទៅវិញទៅមក។ ភាគីទាំងពីរបានជួបចរចាគ្នាចុងក្រោយនៅទីក្រុងស្តូកហូម ប្រទេសស៊ុយអែត កាលពីខែកក្កដា ជាកន្លែងដែលពួកគេបានព្រមព្រៀងគ្នាបន្តពន្យារពេលអនុវត្តពន្ធគយដាក់គ្នារយៈពេល៩០ថ្ងៃបន្ថែមទៀត។
ក្រុមអ្នកជំនាញមានការរំពឹងតិចតួចបំផុតចំពោះការចរចាគ្នាជុំទី៤ រវាងភាគីអាម៉េរិក និងចិន នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ក្នុងការសម្រេចបានលទ្ធផលល្អប្រសើរ ដោយពួកគេជឿជាក់ថា ភាគីទាំងពីរទំនងជានឹងបន្តពន្យារពេលដល់ចិន ក្នុងការលក់ក្រុមហ៊ុន TikTok នៅលើទឹកដីសហរដ្ឋអាម៉េរិក ខណៈថ្ងៃផុតកំណត់នឹងចូលមកដល់នៅថ្ងៃទី១៧ ខែកញ្ញា ឆាប់ៗនេះ។ ទន្ទឹមនឹងនេះអ្នកជំនាញបានតម្លៃថា បញ្ហាជម្លោះពាណិជ្ជកម្ម និងការលក់ក្រុមហ៊ុនតិកតុកនៅអាម៉េរិក អាចសម្រេចបានលទ្ធផលល្អ លុះត្រាតែមេដឹកនាំនៃប្រទេសទាំងពីរជួបចរចាគ្នា៕
ដោយ៖ សុខ មង្គល