មន្ត្រីអ៊ុយក្រែន មួយរូប ដែលចូលរួមក្នុងកិច្ចចរចានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីចុងសប្ដាហ៍កន្លងទៅបាននិយាយថា ចំណុចចម្រូងចម្រាសជាច្រើនត្រូវបានកែសម្រួល ហើយបានបន្ថែមថា ពេលនេះឱសានវាទត្រឹមថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលកំណត់ដោយប្រធានាធិបតី ដូណាល់ ត្រាំ មានភាពបត់បែនជាងមុន។
ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថា សេចក្តីព្រាងផែនការសន្តិភាពថ្មីនេះខុសគ្នាខ្លាំងពីផែនការ ២៨ចំណុចដើម។ បញ្ហាចម្រូងចម្រាសភាគច្រើនពេលនេះ នឹងត្រូវសម្រេចផ្ទាល់ដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី។ ផែនការ ទាំង២៨ចំណុចដើម រួមមានទាំងការទាមទារឱ្យអ៊ុយក្រែន ប្រគល់ទឹកដីនៅភាគខាងកើតរបស់ខ្លួនឱ្យទៅរុស្ស៊ី កាត់បន្ថយកម្លាំងយោធារបស់ខ្លួន និងបោះបង់ចោលគំនិតចូលជាសមាជិកអង្គការបក្សសម្ព័ន្ធយោធា NATO ផងដែរ ដែលការទាមទារទាំងនេះបានឆ្លងបន្ទាត់ក្រហមរបស់អ៊ុយក្រែន ហើយធ្វើឱ្យអឺរ៉ុបផ្ទុះការរិះគន់។
កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ តំណាងរបស់សហរដ្ឋអាម៉េរិក អ៊ុយក្រែន និងអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ហើយអ៊ុយក្រែន ក៏បានធ្វើកិច្ចចរចាទ្វេភាគីជាមួយមន្ត្រីសហរដ្ឋអាម៉េរិក ផងដែរ។ សេតវិមាន និយាយថា កិច្ចប្រជុំនោះបាននាំមកនូវ វឌ្ឍនភាពដ៏មានន័យ។
ទោះជាយ៉ាងណា វិមានក្រឹមឡាំងនិយាយថា ខ្លួនមិនទាន់ទទួលបានព័ត៌មានលម្អិតជាផ្លូវការនៅឡើយទេ ហើយក៏គ្មានគម្រោងចរចាជាមួយសហរដ្ឋអាម៉េរិក នៅសប្តាហ៍នេះដែរ។ លោក ដូណាល់ ត្រាំ បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ជាឱសានវាទសម្រាប់ការឈានដល់កិច្ចព្រមព្រៀង ប៉ុន្តែបានបង្ហើបថា ការចរចាអាចធ្វើឡើងបន្តទៀតបាន ប្រសិនបើចាំបាច់៕
ដោយ: តែម សុខុម