យោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Times of Israel កាលពីថ្ងៃទី៥ ខែមីនា សហរដ្ឋអាម៉េរិក បានស្នើសុំជំនួយបច្ចេកទេសជាបន្ទាន់ពីអ៊ុយក្រែន ដើម្បីទប់ស្កាត់រលក នៃការវាយប្រហារដោយដ្រូនពិឃាដ Shahed របស់អ៊ីរ៉ង់នៅមជ្ឈិមបូព៌ា។ មូលហេតុចម្បង ដែលអាម៉េរិក ត្រូវការអ៊ុយក្រែន គឺដោយសារតែកងទ័ពទីក្រុងកៀវ មានជំនាញខ្ពស់ក្នុងការកម្ទេចដ្រូនអម្បូរនេះ ដែលរុស្ស៊ីធ្លាប់បានប្រើប្រាស់យ៉ាងសន្ធប់ក្នុងសង្គ្រាមនៅអ៊ុយក្រែនកន្លងមក។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) បានបង្ហោះសារបញ្ជាក់នៅលើបណ្ដាញសង្គម X ថា លោកបានទទួលសំណើពីសហរដ្ឋអាម៉េរិក ដើម្បីផ្ដល់ការគាំទ្រលើការការពារប្រព័ន្ធដ្រូនពិឃាត Shahed របស់អ៊ីរ៉ង់ ដែលកំពុងបង្កចលាចលនៅមជ្ឈិមបូព៌ា។ ក្នុងនាមជាអ្នកដែលធ្លាប់ឆ្លងកាត់សមរភូមិពិត លោកអះអាងថា អ៊ុយក្រែន មានបទពិសោធគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានេះ។
ក្រោយទទួលសំណើភ្លាម មេដឹកនាំអ៊ុយក្រែន បានបញ្ជាឱ្យរៀបចំបញ្ជូនឧបករណ៍បច្ចេកទេសចាំបាច់ រួមទាំងអ្នកឯកទេសជំនាញជនជាតិអ៊ុយក្រែនឆ្នើមៗទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជួយពង្រឹងប្រព័ន្ធការពារសន្តិសុខដល់សម្ពន្ធមិត្តរបស់ខ្លួន។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ លោក ហ្សេលេនស្គី បានបង្ហើបថា រដ្ឋបាលរបស់លោកបានទាក់ទងជាមួយទីក្រុងវ៉ាស៊ីនតោនជារៀងរាល់ថ្ងៃ។ លោកបានសង្កត់ធ្ងន់ថា នៅពេលដែលសន្តិសុខជុំវិញវិបត្តិអ៊ីរ៉ង់មានភាពធូរស្រាល កិច្ចចរចាត្រីភាគីរវាងក្រុងមូស្គូ វ៉ាស៊ីនតោន និងក្រុងកៀវ ពាក់ព័ន្ធនឹងការបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងអាចចាប់ផ្ដើមឡើងវិញជាថ្មីម្ដងទៀតក្នុងក្របខណ្ឌយុទ្ធសាស្ត្រថ្មីមួយ៕
អត្ថបទៈ សួន ឡង់ទី