នៅក្នុងវីដេអូដែលបង្ហោះដោយគេហទំព័រ China VTV អ្នកសារព័ត៌មានម្នាក់បានសួរប្រធានាធិបតី ដូណាល់ ត្រាំ ថា តើហេតុអ្វីបានជាសហរដ្ឋអាម៉េរិកមិនប្រាប់សម្ពន្ធមិត្តដូចជាជប៉ុនជាដើមឱ្យបានដឹងអំពីការវាយប្រហារលើអ៊ីរ៉ង់? លោក ត្រាំ បានមើលមុខនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី សាណាអិ តាកាអ៊ិឈិ ហើយឆ្លើយយ៉ាងខ្លីថា តើមានអ្នកណាដឹងច្បាស់ពីរឿងការវាយប្រហារមិនឱ្យដឹងមុនខ្លាំងជាងជប៉ុនទេ? ហើយលោកបានដៀមដាមជប៉ុនថា ហេតុអ្វីបានជាជប៉ុន មិនប្រាប់ខ្ញុំឱ្យដឹងមុនពីការវាយប្រហារកំពង់ផែ Pearl Harbor របស់អាម៉េរិក?
ការឆ្លើយតបបែបបញ្ឆិតបញ្ឆៀងរបស់លោក ត្រាំ បានធ្វើឱ្យលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន បង្ហាញទឹកមុខមិនសូវពេញចិត្ត និងញញឹមទាំងបង្ខំ។ គួររំឭកថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤១ កងទ័ពជប៉ុន បានបើកការវាយប្រហារតាមអាកាសយ៉ាងសន្ធាប់ និងរហ័សដូចផ្លេកបន្ទោរលើកំពង់ផែ Pearl Harbor ដែលជាមូលដ្ឋានទ័ពអាកាសរបស់អាម៉េរិក ដោយប្រើយន្តហោះចម្បាំងដល់ទៅ៣៥០គ្រឿង។
ការវាយប្រហារដ៏រន្ធត់ ដែលមិនឱ្យដឹងមុនក្នុងប្រវត្តិសាស្ត្រនេះបានធ្វើឱ្យមូលដ្ឋានទ័ពអាម៉េរិករងការខូចខាតយ៉ាងដំណំ ដោយនាវាចម្បាំង១៨គ្រឿង និងយន្តហោះជាង៣០០គ្រឿងត្រូវបានកម្ទេច រួមទាំងសម្លាប់ទាហាន និងជនស៊ីវិលអស់ជាង២,៤០០នាក់។ វាគឺជាស្លាកស្នាមរបួសប្រវត្តិសាស្ត្រមួយ ដែលសហរដ្ឋអាម៉េរិក មិនងាយនឹងភ្លេចបានឡើយ។
យ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា មូលហេតុដែលលោកមិនប្រាប់នរណាទាំងអស់ឱ្យដឹងពីផែនការវាយប្រហាររបស់ខ្លួនរួមជាមួយអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ក៏ព្រោះតែលោកចង់បានការសម្ងាត់ និងមិនចង់ឱ្យមានការភ្ញាក់ផ្អើល។ លោកបានសង្កត់ធ្ងន់ថា ដោយសារតែការវាយប្រហារមិនឱ្យដឹងមុននេះហើយ ទើបក្នុងរយៈពេល២ថ្ងៃដំបូង ខ្លួនអាចកម្ទេចបានប្រហែល៥០% នៃគោលដៅ ដែលលើសពីការរំពឹងទុក។ ហើយប្រសិនបើលោកប្រាប់ឱ្យដឹងមុន នោះវាលែងជារឿងគួរឱ្យភ្ញាក់ផ្អើលឡើយ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស