
ដូចការរំពឹងទុក ធនាគារកណ្ដាលអាម៉េរិកនៅថ្ងៃពុធ សប្ដាហ៍នេះ បានសម្រេចរក្សាទុកអត្រាការប្រាក់ឱ្យនៅដដែល និងបានព្រមានថា ហានិភ័យសម្រាប់សេដ្ឋកិច្ចអាម៉េរិកកំពុងកើនឡើង ដោយប្រធានធនាគារកណ្ដាលអាម៉េរិកលោក ជើរ៉ូម ផៅវែល (Jerome Powell) បាននិយាយថា ពេលនេះមិនទាន់អាចវាយតម្លៃបានទេថា តើសេដ្ឋកិច្ចសហរដ្ឋអាម៉េរិកនឹងអាចបន្តសម្រេចបានកំណើន ឬក៏ធ្លាក់ចុះដោយសារតែភាពមិនប្រាកដប្រជា ដែលកំពុងកើនឡើង និងការហក់ឡើងអតិផរណាដែលអាចកើតមានក្នុងពេលដ៏ខ្លីខាងមុខ។
លោក ជើរ៉ូម ផៅវែល បានគូសបញ្ជាក់ថា ពេលនេះលោកមិនដឹងទេថា តើសេចក្ដីសម្រេចរបស់លោក ដូណាល់ ត្រាំ និងការជំទាស់តាមផ្លូវច្បាប់ និងតាមផ្លូវនយោបាយ ដែលកើតឡើងប្រឆាំងសេចក្ដីសម្រេចរបស់លោក ត្រាំ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចបែបណា។ សរុបមក ការលើកឡើងរបស់លោក ជើរ៉ូម ផៅវែល បង្ហាញថា ធនាគារកណ្ដាលអាម៉េរិក មិនអាចធ្វើអ្វីបានច្រើនទេនៅពេលនេះ គឺត្រូវរង់ចាំសិនរហូតដល់របៀបវារៈគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ចូលជាធរមានពេញលេញ។
សូមបញ្ជាក់ថា ធនាគារកណ្តាលអាម៉េរិកបានរក្សាទុកអត្រាការប្រាក់គោលរបស់ខ្លួនឱ្យនៅដដែលក្នុងរង្វង់ចន្លោះពី៤,២៥%ទៅ៤,៥០% ហើយបាននិយាយថា ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចបានកើនឡើងចាប់តាំងពីកិច្ចប្រជុំរបស់ខ្លួនកាលពីអំឡុងខែមីនា ដោយទាំងអតិផរណា និងភាពគ្មានការងារធ្វើសុទ្ធតែមានហានិភ័យកើនឡើងខ្ពស់៕
ដោយ: តែម សុខុម