
រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ភីត ហេកសិត (Pete Hegseth) កាលពីថ្ងៃទី៥ ខែឧសភា បានបញ្ជាឱ្យកាត់បន្ថយចំនួនមន្ត្រីយោធាពាក់ផ្កាយ៤រហូតដល់២០% ក្រោយពីលោកបានលើកឡើងជាញឹកញាប់ថា លោកយល់ថា មន្ត្រីយោធាកំពូលៗមានចំនួនច្រើនពេក។ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក ដែលមានប្រវត្តិជាអតីតពិធីករនៅស្ថាប័នសារព័ត៌មាន Fox News រូបនេះ បានចាត់វិធានការរុះរើរចនាសម្ព័ន្ធក្រសួងការពារជាតិអាម៉េរិកយ៉ាងឆាប់រហ័ស ដោយលោកបានបណ្ដេញឧត្តមសេនីយ៍ និងឧត្តមនាវីអស់ជាច្រើនរូប ខណៈដែលលោកព្យាយាមអនុវត្តរបៀបវារៈសន្តិសុខជាតិរបស់លោក ដូណាល់ ត្រាំ និងលុបចោលនូវគំនិតផ្តួចផ្តើមនានាដែលជំរុញឱ្យជ្រើសរើសពលរដ្ឋចម្រុះជាតិសាសន៍ចូលបម្រើកងទ័ព។
លោក ភីត ហេកសិត (Pete Hegseth) បានលើកឡើងក្នុងសេចក្តីជូនដំណឹងមួយថា នឹងមានការកាត់បន្ថយមន្ត្រីយោធាថ្នាក់ឧត្ដមសេនីយ៍យ៉ាងតិច២០% នៅក្នុងកងឆ្មាំសន្តិសុខជាតិ ហើយនឹងមានការកាត់បន្ថយ១០%ផ្សេងទៀតក្នុងចំណោមឧត្ដមសេនីយ៍ និងឧត្ដមនាវីនៅក្នុងជួរយោធាទាំងមូល។
លោកបានលើកឡើងតាមរយៈវីដេអូបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថា ការមានឧត្ដមសេនីយ៍ និងឧត្តមនាវីច្រើនមិនមានន័យថា នាំមកនូវលទ្ធផលល្អប្រសើរនោះទេ ហើយថា ការកាត់បន្ថយនេះមិនមែនជាការដាក់ទណ្ឌកម្មលើមន្ត្រីយោធាកំពូលៗនោះឡើយ៕
ដោយ: តែម សុខុម