ពន្ធគយបដិការ

អាម៉េរិកទម្លាក់ពន្ធគយបដិការលើទំនិញកម្ពុជាពី ៤៩% មកនៅ ៣៦% ស្មើនឹងថៃ ប៉ុន្ដែ នៅខ្ពស់ជាងវៀតណាម


ដូចការគ្រោងទុក ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅថ្ងៃទី ៧ ខែកក្កដា បានបញ្ជូនលិខិតផ្លូវការ ទៅកាន់ប្រទេសជាដៃគូពាណិជ្ជកម្មចំនួន ១៤ រួមទាំងកម្ពុជា អំពីការកំណត់ពន្ធគយបដិការថ្មី ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៥តទៅ។ ក្នុងនោះ អាម៉េរិក បានទម្លាក់ពន្ធគយបដិការ មកលើទំនិញកម្ពុជានៅត្រឹម ៣៦% ធៀបនឹងអត្រាពន្ធ ដែលបានកំណត់កាលពីខែមេសា ៤៩%។
ពន្ធគយបដិការ
ដោយ

តាមទិន្នន័យអំពីអត្រាពន្ធគយបដិការថ្មីនេះ បានបង្ហាញថា អាម៉េរិក បានទម្លាក់ពន្ធគយលើទំនិញកម្ពុជាច្រើនជាងគេ ដោយមកនៅទាបជាប្រទេសឡាវ និងស្មើនឹងប្រទេសថៃ ប៉ុន្ដែ នៅតែមានខ្ពស់ជាងវៀតណាម ដែលមានត្រឹមតែអត្រាពន្ធ ២០%។

បើតាមលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉រិកប្រចាំកម្ពុជា បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា «បច្ចុប្បន្នកម្ពុជាខិតជិតដៃគូប្រកួតប្រជែងសំខាន់របស់ខ្លួន គឺបង់ក្លាដែស និងឥណ្ឌូនេស៊ី។ ប៉ុន្តែកម្ពុជា នៅពីក្រោយប្រទេសវៀតណាមដែលមានអត្រា ២០%។ វៀតណាមបានផ្តល់សិទ្ធិចូលទីផ្សារវៀតណាមដោយគ្មានពន្ធដល់អាមេរិក។»

លោកបានសង្កត់ធ្ងន់ទៀតថា «រោងចក្រមួយចំនួននៅកម្ពុជាឥឡូវនេះកំពុងសម្លឹងមើលប្រទេសក្រៅអាស៊ី ដូចជាអេហ្ស៊ីប ដែលមានតម្លៃពលកម្មទាប ប៉ុន្តែមានតែពន្ធអាមេរិក ១០% ប៉ុណ្ណោះ។»

អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានអះអាងប្រាប់ខេមបូណូមីស ដោយសូមមិនបញ្ចេញឈ្មោះថា បើទោះបីជា តួលេខពន្ធគយបដិការថ្មីនេះ បានថយចុះមកនៅត្រឹម ៣៦% ក្ដី ប៉ុន្ដែ អត្រានេះ នៅតែមានខ្ពស់សម្រាប់កម្ពុជា។ អ្នកជំនាញ សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្ដការចរចាកាន់តែសកម្មថែមទៀត ដើម្បីបន្ធូរបន្ថយពន្ធឱ្យមកនៅក្នុងកម្រិតកាន់តែទាប និងមានភាពប្រកួប្រជែងខ្ពស់។

ទោះបីជា អត្រាពន្ធគយបដិការថ្មី ត្រូវបានកំណត់ចេញក៏ដោយចុះ ប៉ុន្ដែ សហរដ្ឋអាម៉េរិកនៅតែចំហទ្វារសម្រាប់ប្រទេសជាដៃគូក្នុងការបន្ដការចរចា ខណៈដែលបើគ្មានអ្វីប្រែប្រួលទេនោះ ការអនុវត្តពន្ធគយបដិការនឹងត្រូវចាប់ផ្ដើមចាប់ពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៥តទៅ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធបដិការលើប្រទេស និងតំបន់ជាង១៨០ តែមានប្រទេសប្រមាណ ១៨ប៉ុណ្ណោះ ដែលបានខិតខំចរចាជាមួយអាម៉េរិក។

គិតមកទល់ពេលនេះ ប្រទេសដែលសហរដ្ឋអាម៉េរិកចាត់ទុកថា បានឈានដល់ការព្រមព្រៀងពាណិជ្ជកម្មជាមួយខ្លួននោះ រួមមាន អង់គ្លេស ចិន និងវៀតណាម ខណៈដែលលោក ដូណាល់ ត្រាំ នាពេលកន្លងមក ក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះការឈានទៅសម្រេចបានកិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌា នាពេលឆាប់ៗខាងមុខនេះផងដែរ៕




អត្ថបទបន្ទាប់


ធនាគារ ខេប៊ីប្រាសាក់ ប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារមត្តេយ្យ ដែលផ្ដួចផ្ដើមដោយធនាគារជាតិនៃកម្ពុជា

អគារមត្តេយ្យសិក្សានៅសាលាបឋមសិក្សាសំបូរ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង…

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជា ហក់ឡើងខ្ពស់ ខណៈការផលិតក្នុងស្រុកអាចផ្គត់ផ្គង់ទីផ្សារបានប្រមាណ២០% ប៉ុណ្ណោះ

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅកម្ពុជា កំពុងត្រូវប៉ាន់ ក្រោយតម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកហក់ឡើងខ្ពស់ បន្ទាប់ពីការនាំចូលពីថៃ មាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ