លោក ជឺរ៉ូម ផូវែល ប្រធានធនាគារកណ្តាលសហរដ្ឋអាម៉េរិក បានអះអាងថា អត្រាអតិផរណានៅតែមានស្ថិរភាពទោះបីជាតម្លៃថាមពលហក់ឡើងខ្ពស់ក៏ដោយ។ ហេតុដូច្នេះធនាគារកណ្តាលមិនមានភាពចាំបាច់ដាក់ចេញនូវវិធានការបន្ទាន់ ឬកាត់បន្ថយអត្រាការប្រាក់ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ានោះទេ។
ប្រធានស្ថាប័នគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចអាម៉េរិក ដែលជិតផុតអាណត្តិរូបនេះ មិនបានលើកឡើងលម្អិតអំពីផលប៉ះពាល់រយៈពេលវែង នៃសង្គ្រាមនៅមជ្ឈិមបូព៌ានោះទេ គ្រាន់តែបញ្ជាក់ថា មកដល់ពេលនេះ អត្រាអតិផរណានៅមានលំនឹង ហើយអត្រាអត់ការងារធ្វើនៅសហរដ្ឋអាម៉េរិក ក៏ស្ថិតក្នុងកម្រិតទាប។ លោក ជឺរ៉ូប បានសង្កត់ធ្ងន់ថា អាម៉េរិកមិនទាន់ប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរនៅឡើយទេ ព្រោះទំហំនៃផលប៉ះពាល់សេដ្ឋកិច្ចពិតប្រាកដមិនទាន់លេចចេញជារូបរាងច្បាស់លាស់នៅឡើយទេ។ ទោះជាយ៉ាងណាលោកកំពុងយកចិត្តទុកដាក់ និងមានភាពប្រយ័ត្នប្រយែងខ្ពស់ មុននឹងឈានដល់ការសម្រេចចិត្តណាមួយ។
ពាក់ព័ន្ធនឹងគោលនយោបាយរូបិយវត្ថុ មេធនាគារកណ្តាលអាម៉េរិករូបនេះបានលើកឡើងថា ការរក្សាអត្រាការប្រាក់ក្នុងចន្លោះពី៣,៥% ទៅ៣,៧% គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ស្ថានភាពបច្ចុប្បន្ន។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ភាពចាំបាច់ដែលត្រូវតែតាមដានរួមមានសង្គ្រាមនៅអ៊ីរ៉ង់ និងផលប៉ះពាល់ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាដើម។
គួររំលឹកថា លោក ជឺរ៉ូប នឹងត្រូវបញ្ចប់អាណត្តិដឹកនាំធនាគារកណ្តាលអាម៉េរិក នៅខែឧសភា ខាងមុខ ខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តតែងតាំងលោក ខេវិន វ៉ាស (Kevin Warsh) អតីតអភិបាលរដ្ឋមួយរូបឱ្យបន្តវេនពីលោក ទោះបីជាបេក្ខភាពថ្មីនេះនៅមានមតិវែកញែកលើបញ្ហាមួយចំនួនក៏ដោយ៕
ដោយៈ សរ សុជាតិ