
ទេសាភិបាលធនាគារកណ្តាលអាម៉េរិក លោកស្រី មីឆែល បូមែន បានលើកឡើងតាមរយៈសុន្ទរកថា ព្រាងទុកថា លោកស្រីគាំទ្រការបញ្ចុះអត្រាការប្រាក់ចំនួន៣លើកសម្រាប់ឆ្នាំ២០២៥ នេះ ដោយផ្អែកលើទិន្នន័យទីផ្សារការងារ ដែលធ្លាក់ចុះខ្សោយនាពេលថ្មីៗនេះ។
គួររំឭកថា គណៈកម្មាធិការរៀបចំគោលនយោបាយនៃធនាគារកណ្ដាលអាម៉េរិក បានរក្សាអត្រាការប្រាក់ឱ្យនៅដដែលនៅឆ្នាំនេះ ដែលលោកស្រី Michelle Bowman បានបង្ហាញជំហរគាំទ្ររហូតដល់ខែមិថុនា។ ទោះជាយ៉ាងណា កាលពីខែកក្កដា លោកស្រីរួមជាមួយទេសាភិបាលធនាគារកណ្ដាលអាម៉េរិកមួយរូបទៀត គឺលោក Christopher Waller បានគាំទ្រឱ្យបញ្ចុះអត្រាការប្រាក់ក្នុងរង្វង់ ០,២៥%។ ហើយកាលពីថ្ងៃទី៩ ខែសីហា លោកស្រីបានជំរុញឱ្យក្រុមអ្នកបង្កើតគោលនយោបាយរបស់លោកស្រី ចាប់ផ្តើមបញ្ចុះអត្រាការប្រាក់នៅឯកិច្ចប្រជុំបន្ទាប់របស់ធនាគារកណ្ដាលអាម៉េរិក ដែលគ្រោងធ្វើឡើងនៅខែកញ្ញា ដ៏ខ្លីខាងមុខនេះ។
លោកស្រីបានលើកឡើងថា ចំណាត់ការបញ្ចុះអត្រាការប្រាក់បែបនេះនឹងជួយបញ្ចៀសការដាំក្បាលចុះបន្ថែមទៀតនៃទីផ្សារការងារ ហើយកាត់បន្ថយឱកាសដែលគណៈកម្មាធិការរៀបចំគោលនយោបាយ នៃធនាគារកណ្ដាលអាម៉េរិក អាចនឹងត្រូវបង្ខំចិត្តកែសម្រួលគោលនយោបាយ ដែលមានទ្រង់ទ្រាយធំជាងនេះ ប្រសិនបើទីផ្សារការងារកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត។
លោកស្រី មីឆែល ដែលត្រូវបានលោក ដូណាល់ ត្រាំ តែងតាំងជាទេសាភិបាលនៃធនាគារកណ្ដាលអាម៉េរិក ក្នុងឆ្នាំ២០១៨ បានលើកឡើងថា លោកស្រីនៅតែជឿជាក់ថា ការឡើងថ្លៃទំនិញដែលបណ្ដាលមកពីការដំឡើងពន្ធគយទំនងជាមិនបង្កឱ្យមានអតិផរណាខ្ពស់រយៈពេលវែងនោះឡើយ៕
ដោយ: តែម សុខុម