ក្រុមមន្ត្រីធនាគារកណ្តាលអាម៉េរិក រំពឹងថា អតិផរណានៅអាម៉េរិកនឹងហក់ឡើងដល់ប្រមាណ២,៧% នៅឆ្នាំនេះ ដែលខ្ពស់ជាងការព្យាករកាលពីលើកមុន ដោយមួយផ្នែកហក់ឡើងដោយសារប្រេងឥន្ធនៈហក់ឡើងថ្លៃខ្ពស់ បន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់ បានធ្វើឱ្យរាំងស្ទះដល់ទីផ្សារថាមពលពិភពលោក។ ទោះជាយ៉ាងណា ពួកគេនៅតែជឿថា អតិផរណានឹងធ្លាក់ចុះជិតដល់កម្រិតគោលដៅ ដែលធនាគារកណ្ដាលអាម៉េរិក ចង់បានក្នុងរង្វង់២% នៅឆ្នាំ២០២៧។
បន្ទាប់ពីរក្សាអត្រាការប្រាក់ឱ្យនៅដដែលប្រធានធនាគារកណ្តាលអាម៉េរិក លោក ជឺរ៉ូម ផូវ៉ែល (Jerome Powell) បានលើកឡើងថា ពេលនេះមិនទាន់ដឹងថា តើសង្គ្រាមនៅអ៊ីរ៉ង់នឹងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចអាម៉េរិក កម្រិតណានៅឡើយទេ ទោះបីជាតម្លៃថាមពលខ្ពស់ទំនងជានឹងជំរុញឱ្យអតិផរណាកើនឡើងក្នុងរយៈពេលខ្លីក៏ដោយ។
ទោះបីជាមានការព្រួយបារម្ភបែបនេះក្ដី ក៏ធនាគារកណ្តាលអាម៉េរិក នៅតែបង្ហាញតម្រុយថា អាចនឹងឈានដល់ការបញ្ចុះអត្រាការប្រាក់តិចតួចក្នុងរង្វង់០,២៥% នៅក្នុងឆ្នាំ២០២៦ នេះ។ វិធីសាស្រ្តដ៏ប្រុងប្រយ័ត្ននេះផ្ទុយពីការអំពាវនាវរបស់លោក ដូណាល់ ត្រាំ ដែលសុំឱ្យធនាគារកណ្ដាលអាម៉េរិក បញ្ចុះអត្រាការប្រាក់ឱ្យបានច្រើន និងឆាប់រហ័ស។ ធនាគារកណ្តាលអាម៉េរិក បានវាយតម្លៃថា សេដ្ឋកិច្ចអាម៉េរិក នៅតែមានស្ថិរភាពដោយអត្រាគ្មានការងារធ្វើស្ថិតក្នុងរង្វង់ប្រមាណ៤,៤% ហើយព្យាករថា កំណើនសេដ្ឋកិច្ចនឹងប្រសើរឡើងបន្តិច។
ទន្ទឹមនេះបណ្ដាទីផ្សារហិរញ្ញវត្ថុមានប្រតិកម្មតិចតួចប៉ុណ្ណោះនៅក្នុងការឆ្លើយតបទៅនឹងការសម្រេចរបស់ធនាគារកណ្ដាលអាម៉េរិក ដោយភាគហ៊ុនបានធ្លាក់ចុះបន្តិច ហើយផលបត្រ នៃបណ្ណបំណុល និងប្រាក់ដុល្លារហក់ឡើងថ្លៃបន្តិច៕
ដោយ: តែម សុខុម