
ក្រោយទីផ្សារហិរញ្ញវត្ថុសហរដ្ឋអាម៉េរិក បានធ្លាក់ចុះពីរសប្តាហ៍ជាប់គ្នា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងរដ្ឋមន្រ្តីក្រសួងរតនាគារ លោក ស្កុត បេសេន (Scott Bessent) យល់ឃើញថា ធនាគារកណ្តាលអាម៉េរិក គួរតែកាត់បន្ថយអត្រាការប្រាក់។ ពាក់ព័ន្ធបញ្ហានេះ លោក ត្រាំ ក៏បានព្រមានដកតំណែងលោក ជឺរ៉ូម ផៅវែល (Jerome Powell) ប្រធានធនាគារកណ្តាលអាម៉េរិក ផងដែរ ប្រសិនបើលោកមិនសម្រេចបញ្ចុះអត្រាការប្រាក់។
លោក ជឺរ៉ូម ផៅវែល ដែលបានកាន់តំណែងជាប្រធានធនាគារកណ្តាលអាម៉េរិក តាំងពីរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានគ្រប់គ្រង និងដឹកនាំជួយឲ្យប្រព័ន្ធហិរញ្ញវត្ថុសហរដ្ឋអាម៉េរិក មានលំនឹង ក្រោយមហាអំណាចមួយនេះរងគ្រោះយ៉ាងដំណំដោយសារមេរោគកូវីដ-១៩។ តាមការព្យាករធនាគារកណ្តាលអាម៉េរិក ទំនងជារក្សាអត្រាការប្រាក់រដោយមិនផ្លាស់ប្តូរក្នុងរង្វង់៤,៣% ជាមធ្យម។
តាមការរំពឹងទុក លោក ផៅវែល និងសហសេវិក១៨នាក់ ដែលអង្គុយនៅក្នុងគណៈកម្មាធិការកំណត់អត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក ទំនងជាចង់ឃើញគោលនយោបាយពន្ធរបស់លោក ត្រាំ ឆ្លើយតបនឹងប៉ះពាល់ដល់សេដ្ឋកិច្ច មុនមានការផ្លាស់ប្តូរអត្រាការប្រាក់ណាមួយ។
អត្រាអតិផរណានៅសហរដ្ឋអាម៉េរិក បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងខែមីនា កន្លងទៅ ដែលជាសញ្ញាលើកទឹកចិត្តមួយឲ្យមានការបញ្ចុះអត្រាការប្រាក់ ប៉ុន្តែស្ថិតិប្រចាំត្រីមាសនៅតែស្ថិតក្នុងកម្រិតខ្ពស់ក្នុងរង្វង់ប្រមាណ៣,៦% ដែលខ្ពស់លើសពីគោលដៅ២% ដែលធនាគារកណ្តាលចង់បាន។
អ្នកវិភាគបានលើកឡើងថា បើគ្មានបញ្ហាចម្រូងចម្រាសរឿងពន្ធទេ នោះធនាគារកណ្តាលអាម៉េរិក អាចនឹងកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួន ព្រោះវាស្ថិតក្នុងកម្រិតមួយដែលអាចកាត់បាន ប៉ុន្តែនៅពេលនេះវាពិតជាពិបាកធ្វើឲ្យធនាគារកណ្តាលសម្រេចិត្តណាស់។
លោក ប្រ៊ីស្តូន មួយ (Preston Mui) អ្នកសេដ្ឋកិច្ចនៅក្រុមហ៊ុន Employ America បានលើកឡើងថា ការប្រមាថរបស់លោក ត្រាំ លើលោក ផៅវែល វាកាន់តែពិបាកសម្រាប់ប្រធានធនាគរកណ្តាលអាម៉េរិក ក្នុងការកាត់បន្ថយអត្រាការប្រាក់ ព្រោះអាចធ្វើឱ្យមានការសន្និដ្ឋានថាធនាគារកណ្តាលអាម៉េរិក ស្ថិតក្រោមឥទ្ធិពលរបស់លោក ត្រាំ។
លោក ផៅវែល បាននិយាយកាលពីខែមុនថា ពន្ធគយទំនងជាជំរុញឱ្យកម្រិតអតិផរណាកើនឡើង និងធ្វើឱ្យសេដ្ឋកិច្ចអាម៉េរិកធ្លាក់ចុះ ដែលជាការរួមបញ្ចូលគ្នាដ៏លំបាកសម្រាប់ការសម្រេចចិត្តរបស់ធនាគារកណ្តាលអាម៉េរិក។ លោកបានសង្កត់ធ្ងន់ថា ជាធម្មតាធនាគារកណ្តាលនឹងដំឡើងអត្រាការប្រាក់ ឬយ៉ាងហោចណាស់រក្សាអត្រាការប្រាក់ឲ្យនៅដដែល ដើម្បីប្រយុទ្ធនឹងអតិផរណា៕
ដោយៈ សរ សុជាតិ