មេដឹកនាំអ៊ីរ៉ង់

ប្រភពចារកម្មអាម៉េរិក ទម្លាយថា រដ្ឋាភិបាលអ៊ីរ៉ង់នៅតែរឹងមាំដូចដែកថែប ទោះរងការវាយប្រហារពីអាម៉េរិក និងអ៊ីស្រាអែលជាង១០ថ្ងៃមកនេះ


ទោះបីជារងការវាយប្រហារយ៉ាងចាស់ដៃពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលអស់រយៈពេលជិត២សប្តាហ៍ បូករួមទាំងចលនាបាតុកម្មក្នុងស្រុកផងនោះ តែរដ្ឋាភិបាលបព្វជិតអ៊ីរ៉ង់ហាក់មិនទាន់បង្ហាញសញ្ញា នៃការដួលរលំនៅឡើយទេ។ យោងតាមប្រភពចារកម្មអាម៉េរិក ដែលចុះផ្សាយដោយ Reuters បានឱ្យដឹងថា របបទីក្រុងតេអេរ៉ង់ នៅតែមានគ្រឹះអំណាចរឹងមាំ ដែលចំណុចនេះកំពុងធ្វើឱ្យយុទ្ធសាស្ត្របញ្ចប់សង្គ្រាមរបស់លោក ដូណាល់ ត្រាំ កាន់តែជួបការលំបាក។
មេដឹកនាំអ៊ីរ៉ង់
ដោយ

ប្រភពព័ត៌មានចារកម្មអាម៉េរិកដ៏គួរឲ្យទុកចិត្តបានបានទម្លាយថា ថ្នាក់ដឹកនាំអ៊ីរ៉ង់ នៅតែមានមូលដ្ឋានអំណាច និងជំហររឹងមាំ និងមិនមានសញ្ញា នៃហានិភ័យដែលអាចឈានដល់ការដួលរលំនៅឡើយទេ បើទោះបីជារងការធ្វើមហាបាតុកម្ម និងការវាយប្រហារឥតឈប់ឈរពីអាម៉េរិក និងអ៊ីស្រាអែលអស់រយៈពេលជិតពីរសប្តាហ៍ក៏ដោយ។ របាយការណ៍ចារកម្មជាច្រើនបានផ្តល់ការវិភាគស្របគ្នាថា របបនេះមិនស្ថិតក្នុងគ្រោះថ្នាក់ នៃការដួលរលំឡើយ ហើយផ្ទុយទៅវិញរបបនេះនៅតែរក្សាការគ្រប់គ្រងលើសាធារណជន និងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដ៏រឹងមាំ ដែលទាំងអស់នេះជាអាវក្រោះដ៏មានប្រសិទ្ធភាព ដើម្បីការពារអំណាចរបស់របបបព្វជិតនេះ។

របាយការណ៍ចុងក្រោយបំផុតបានបញ្ជាក់ថា ការស្វែងរកការបញ្ចប់សង្គ្រាម ដែលអាចទទួលយកបានតាមគោលបំណងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អាចជាការលំបាក ប្រសិនបើរបបនេះនៅតែគ្រប់គ្រងយ៉់ាងរឹងមាំលើកងកម្លាំងឆ្មាំបដិវត្តន៍នៅក្នុងប្រទេស។

របាយការណ៍ស៊ើបការណ៍សម្ងាត់នេះ ក៏បានគូសបញ្ជាក់ពីភាពស៊ីសង្វាក់គ្នា នៃថ្នាក់ដឹកនាំបព្វជិតអ៊ីរ៉ង់ ទោះបីជាមានការសម្លាប់មេដឹកនាំកំពូលលោក អាយ៉ាតូឡា អាលី ខាមេនី កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលជាថ្ងៃដំបូងនៃការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលក៏ដោយ។

ស្ថានភាពនេះបានបង្ខំឱ្យអាម៉េរិកត្រូវរិះរកយុទ្ធវិធីថ្មី ដើម្បីដាក់សម្ពាធលើទីក្រុងតេអេរ៉ង់។ តាមប្រភពដដែលខាងលើ វ៉ាស៊ីនតោន កំពុងពិចារណាលើការផ្ដល់ជំនួយ និងការគាំទ្រសព្វាវុធដល់ក្រុមប្រដាប់អាវុធឃឺត ដែលមានមូលដ្ឋាននៅប្រទេសអ៊ីរ៉ាក់។ គោលបំណងធំ នៃយុទ្ធសាស្ត្រនេះ គឺដើម្បីបើកការវាយប្រហារច្រកចេញពីភាគខាងលិច បង្កើតជាសម្ពាធផ្ទួនៗទៅលើកងកម្លាំងសន្តិសុខអ៊ីរ៉ង់ និងផ្ដល់ឱកាសឱ្យពលរដ្ឋក្នុងស្រុកងើបឡើងប្រឆាំងនឹងរដ្ឋាភិបាល។

ទោះជាយ៉ាងណារហូតម​កទល់ពេលនេះ ទាំងការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិ និងសេតវិមាននៅមិនទាន់ចេញមុខបញ្ជាក់ ឬធ្វើអត្ថាធិប្បាយផ្លូវការជុំវិញរបាយការណ៍នេះនៅឡើយទេ។ អ្នកវិភាគយល់ថា បើអ៊ីរ៉ង់នៅតែអាចរក្សាភាពស្អិតរមួត នៃកងកម្លាំងឆ្មាំបដិវត្តន៍បាន សង្គ្រាមនេះអាចនឹ​ងអូសបន្លាយយូរជាងការរំពឹងទុករបស់លោក ដូណាល់ ត្រាំ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


​​តើការក្បិតក្បៀតការចំណាយរបស់ពលរដ្ឋដោយសារប្រេងឡើងថ្លៃ អាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាទេ?

ការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈកំពុងបង្កបញ្ហាប្រឈមដល់វិស័យជាច្រើនដោយសារវាជាធាតុចូលចាំបាច់សម្រាប់ប្រើប្រាស់ក្នុងការដឹកជញ្ជូន ការផលិត និងសកម្មភ…

តម្លៃប្រេងកើនឡើងខ្លាំងក្លាយជាឆ្អឹងទទឹងកដល់ការផលិតក្នុងស្រុក ខណៈអ្នកជំនាញទទូចឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃអគ្គិសនី ដើម្បីសង្គ្រោះសហគ្រាសក្នុងស្រុក

អ្នកផលិតក្នុងស្រុកហាក់មានការព្រួយបារម្ភយ៉ាងខ្លាំងក្រោយតម្លៃប្រេងឥន្ធនៈបន្តហក់ឡើងខ្ពស់​ដែលអាចរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គត់ផលិតកម្មក្នុងស្រុក។ បញ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ