 
      អំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ មកកាន់តំបន់អាស៊ី រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗជាមួយរដ្ឋា
ភិបាលក្រុងសេអ៊ូល និងរដ្ឋាភិបាលក្រុងតូក្យូ។ នៅប្រទេសកូរ៉េខាងត្បូងលោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេ ម្យុង បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំសម្បើមមួយរួមមានការបោះទុនវិនិយោគរហូតដល់ទៅ១៥០ពាន់លានដុល្លារលើការផលិតកប៉ាល់ និងការផ្ដល់ហិរញ្ញប្បទានដល់ឧស្សាហកម្មក្នុងទំហំ២០០ពាន់លានដុល្លរសរុបស្មើនឹង ៣៥០ពាន់លានដុល្លារ រួមជាមួយនឹងការបញ្ចុះពន្ធគយ និងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល។
ទីក្រុងសេអ៊ូល ក៏ទទួលបានការអនុម័តឱ្យសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅរោងចក្រផលិតកប៉ាល់ហ្វីឡាឌែលហ្វៀ ស្ស៊ីបយ៉ាត (Philadelphia Shipyards) នៅសហរដ្ឋអាម៉េរិកផងដែរ ដែលនេះជាការពង្រឹងវិស័យផលិតកប៉ាល់របស់សហរដ្ឋអាម៉េរិកឡើងវិញ។
នៅឯប្រទេសជប៉ុនឯណោះវិញ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនជប៉ុនលោក យ៉ាស៊ូស៊ី កាណេកុ (Yasushi Kaneko) និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិកលោក ហូវើដ ឡាត់និក (Howard Lutnick) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីការធ្វើទំនើបកម្មរោងចក្រផលិតកប៉ាល់ នវានុវត្តន៍បច្ចេកវិទ្យាបញ្ហាសិប្បនិម្មិត AI និងការបណ្តុះបណ្តាអ្នកមានទេពកោសល្យ ដើម្បីស្ដារឧស្សាហកម្មផលិតកប៉ាល់របស់សហរដ្ឋអាម៉េរិក និងជប៉ុនឱ្យរស់រវើកឡើងវិញ។
ទីក្រុងតូក្យូមានគម្រោងបង្កើនសមត្ថភាពផលិតកប៉ាល់របស់ខ្លួនទ្វេដងនៅឆ្នាំ២០៣៥ ជាមួយនឹងផែនការចំណាយថ្មីចំនួន២,៣ពាន់លានដុល្លារអាម៉េរិក។ ភាពជាដៃគូសហការរវាងសហរដ្ឋអាម៉េរិកជាមួយកូរ៉េខាងត្បួង និងរវាងសហរដ្ឋអាម៉េរិកជាមួយប្រទេសជប៉ុន ឆ្លុះបញ្ចាំងពីគោលដៅរួមមួយ ពោលគឺដើម្បីកាត់បន្ថយការពឹងផ្អែកលើនាវា ដែលផលិតដោយប្រទេសចិន និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្មជាយុទ្ធសាស្ត្រក្នុងចំណោមបណ្ដាសម្ព័ន្ធមិត្តសំខាន់ៗ។
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាម៉េរិកជាមួយកូរ៉េខាងត្បូង និងជប៉ុន គឺដើម្បីពង្រឹងឧ្សាហកម្មផលិតកប៉ាល់ឡើងវិញ និងធានាអនាគតសេដ្ឋកិច្ចដ៏រឹងមាំនៃប្រទេសទាំង៣។
សូមបញ្ជាក់ថា មហាយក្សចិនបានគ្រប់គ្រងទីផ្សារផលិតកប៉ាល់ភាគច្រើនរបស់ពិភពលោក តួយ៉ាងនៅឆ្នាំ២០២៤ ក្រុមហ៊ុនផលិតកប៉ាល់កំពូលទាំង៥របស់មហាយក្សចិន ទទួលបានរហូតដល់ទៅប្រមាណ៦៩% នៃការបញ្ជាទិញក្នុងស្រុក ហើយក៏គ្រប់គ្រងមួយចំណែកធំនៃការបញ្ជាទិញកប៉ាល់ទូទាំងពិភពលោកផងដែរ៕
 ដោយ: តែម សុខុម
 
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              