វិស័យពាណិជ្ជកម្ម

តំណាងរាស្ត្រអាម៉េរិក ស្នើឱ្យលោក ត្រាំ បន្ធូរបន្ថយពន្ធលើជប៉ុន ដែលកំពុងមានជម្លោះជាមួយចិន


ស្របពេលជប៉ុន កំពុងរងសម្ពាធទាំងយោធា និងសេដ្ឋកិច្ចពីមហាយក្សចិន ក្រោយនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ និយាយចំចំណុចរសើបជុំវិញបញ្ហាកោះតៃវ៉ាន់ អ្នកតាក់តែងច្បាប់អាម៉េរិកមួយចំនួនបានស្នើឱ្យប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អនុគ្រោះពន្ធដល់ជប៉ុន។ ការស្នើបែបនេះធ្វើឡើងក្រោយអ្នកតំណាងរាស្ត្រអាម៉េរិកទាំងនោះយល់ឃើញថា ទីក្រុងវ៉ាស៊ីនតោន ត្រូវតែគាំទ្រសម្ពន្ធមិត្តរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
វិស័យពាណិជ្ជកម្ម
ដោយ

នៅក្នុងលិខិតផ្ញើទៅកាន់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗ អ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ លោក អាមី បេរ៉ា (Ami Bera) សមាជិកនៃគណៈកម្មាធិការសភាទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងលោក ហ្គ្រីហ្គោរី មិក (Gregory Meeks) សមាជិកនៃគណៈកម្មាធិការកិច្ចការបរទេសសភា បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីសម្ពាធសេដ្ឋកិច្ច និងយោធាកាន់តែខ្លាំងឡើងរបស់ប្រទេសចិន មកលើជប៉ុន ដែលជាសម្ពន្ធមិត្តរបស់អាម៉េរិក។ ទន្ទឹមនឹងនេះ ពួកគេស្នើឱ្យលោក ត្រាំ បន្ធូរបន្ថយពន្ធដល់ជប៉ុន ព្រោះការបន្ធូរបន្ថយពន្ធនេះ នឹងផ្តល់ការគាំទ្រសេដ្ឋកិច្ចភ្លាមៗដល់ឧស្សាហកម្មសំខាន់ៗរបស់ជប៉ុន និងបានបង្ហាញពីប្តេជ្ញាចិត្តរបស់អាម៉េរិក ក្នុងការឈរជាមួយសម្ពន្ធមិត្តប្រឆាំងនឹងសម្ពាធសេដ្ឋកិច្ចពីចិន។

អ្នកតំណាងរាស្រ្តទាំងពីរបានបន្តថា ការផ្តល់ការបន្ធូរបន្ថយពន្ធដល់ជប៉ុន ក៏ជាការផ្ញើសារមួយថា សហរដ្ឋអាម៉េរិក បដិសេធចំពោះយុទ្ធសាស្ត្រពាណិជ្ជកម្មបង្ខិតបង្ខំរបស់ទីក្រុងប៉េកាំង និងគាំទ្រសម្ពន្ធមិត្ត ដែលត្រូវបានកំណត់គោលដៅសម្រាប់ការអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ចិន ផងដែរ។

មកទល់ពេលនេះ ចិន បានផ្អាកនាំចូលទំនិញមួយចំនួនពីជប៉ុន និងរឹតត្បិតទេសចរចិន មិនឱ្យទៅលេងកម្សាន្តនៅប្រទេសជប៉ុន ហើយកំពុងបន្ថែមសម្ពាធលើឧស្សាហកម្មសំខាន់ៗបន្ថែមទៀតនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន យន្តហោះយោធាចិន មួយគ្រឿងបានកំណត់គោលដៅរ៉ាដាទៅលើយន្តហោះកងកម្លាំងស្វ័យការពារខ្លួនរបស់ជប៉ុនមួយគ្រឿងនៅក្បែរកោះអូគីណាវ៉ា ដែលធ្វើឱ្យជម្លោះការទូតរវាងប្រទេសទាំងពីរកាន់តែតានតឹងផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វៀតណាម កំពុងសម្រុកអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធនៅកោះត្រល់ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល APEC

ដើម្បីឱ្យការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC នៅឆ្នាំ២០២៧ សម្រេចបានជោគជ័យ និងដោយរលូន នៅពេលនេះ វៀតណាម កំពុងធ្វើទំនើបកម្មហេដ្ឋារចនាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ