សហរដ្ឋអាម៉េរិក កំពុងមើលឱកាសនាំចេញកសិផលមួយចំនួនដូចជាសណ្តែកសៀង ស្រូវសាលី ផលិតផលទឹកដោះគោ និងអាហារដែលមានតម្លៃខ្ពស់ផ្សេងៗមកកាន់តំបន់អាស៊ាន ក្នុងនោះម៉ាឡេស៊ី បានក្លាយជាគោលដៅស្នូល។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មទទួលបន្ទុកការនាំចេញ និងទីផ្សារបរទេសរបស់អាម៉េរិក លោក ឡាក់ លីនប័ក (Luke J. Lindberg) បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន ចង់បានតុល្យភាពពាណិជ្ជកម្មមួយ ដែលល្អប្រសើរជាងមុនជាមួយតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសម៉ាឡេស៊ី។
លោកបានសង្កត់ធ្ងន់ថា បច្ចុប្បន្នមានគម្លាតធំណាស់រវាងការនាំចូលរបស់អាម៉េរិកពីម៉ាឡេស៊ី បើធៀបនឹងខ្លួននាំចេញទៅវិញ។ លោកបានបន្តថា ការចុះកិច្ចព្រមព្រៀងជាជំហាន១ តែអ្វីដែលសំខាន់ គឺការបង្កើតទំនាក់ទំនងរវាងអ្នកទិញ និងអ្នកលក់ ដែលវានឹងបង្កើតតម្លៃសេដ្ឋកិច្ចពិតប្រាកដ។
យោងទិន្នន័យបានបង្ហាញថា នៅចន្លោះឆ្នាំ២០២៤-២០២៥ ការនាំចេញកសិផលរបស់សហរដ្ឋអាម៉េរិក មកកាន់តំបន់អាស៊ីអាគ្នេយ៍ មានទំហំចន្លោះពី១៤ ទៅ១៥ពាន់លានដុល្លារប៉ុណ្ណោះ។ ដោយឡែកម៉ាឡេស៊ី បានចំណាយថវិការហូតដល់ទៅ២៥ពាន់លានដុល្លារអាម៉េរិកលើការនាំចូលផលិតផលកសិកម្ម និងស្បៀងអាហារនៅជុំវិញពិភពលោក។ ប៉ុន្តែក្នុងនោះមានត្រឹមតែ៤% ប៉ុណ្ណោះ ដែលនាំចូលពីអាម៉េរិក។ កត្តានេះធ្វើឱ្យអាម៉េរិក មើលឃើញថា ម៉ាឡេស៊ីអាចជាទីផ្សារដ៏ធំមួយសម្រាប់ខ្លួន ជាពិសេសសាច់គោតែម្តង ព្រោះការសិក្សាមួយបានបង្ហាញថា ពលរដ្ឋម៉ាឡេស៊ីម្នាក់បរិភោគសាច់គោជិត៩គីឡូក្រាមក្នុង១ឆ្នាំ៕
ដោយៈ សរ សុជាតិ