នៅក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃអាទិត្យ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក ឬ CENTCOM បានប្រកាសថា ការបិទច្រកសមុទ្រទាំងអស់នេះនឹងគ្របដណ្ដប់លើ "ការធ្វើចរាចរណ៍តាមសមុទ្រទាំងអស់ ដែលចូល និងចេញពីកំពង់ផែអ៊ីរ៉ង់" ចាប់ពីម៉ោង ១០ព្រឹក ម៉ោងនៅមជ្ឈិមបូព៌ា នៅថ្ងៃទី១៣ ខែមេសានេះ ដែលរួមទាំងនាវារបស់គ្រប់ប្រទេសទាំងអស់ដែលចូល ឬចេញពីកំពង់ផែ និងតំបន់ឆ្នេរសមុទ្ររបស់អ៊ីរ៉ង់ រួមទាំងកំពង់ផែនៅក្នុងឈូងសមុទ្រពែក្ស និងឈូងសមុទ្រ Oman ផងដែរ។ នេះបើតាមសេចក្ដីរាយការណ៍ព័ត៌មានរបស់ al jazeera។
យ៉ាងណាក្ដី CENTCOM បានប្រកាសថា «កងកម្លាំងសហរដ្ឋអាម៉េរិក នឹងមិនរារាំងសេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់កប៉ាល ដែលបើកឆ្លងកាត់ច្រកសមុទ្រ Hormuz ទាំងទៅ និងមកពីកំពង់ផែដែលមិនមែនជារបស់អ៊ីរ៉ង់នោះទេ» ការប្រកាសនេះ គឺជាការបន្ថយកម្ដៅពីការគំរាមកំហែងកាលពីពេលមុននេះរបស់ប្រធានាធិបតី Donald Trump ដែលថា នឹងបិទច្រកសមុទ្រទាំងអស់ និងតាមប្រមាញ់នាវាណាដែលបង់ថ្លៃសេវាឱ្យអ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបនឹងការគំរាមឡោមព័ទ្ធបិទផ្លូវរបស់លោក Trump កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ឬ IRGC បានប្រកាសថា នាវាចម្បាំងណាក៏ដោយដែលចូលមកជិតដែនឆ្នេរសមុទ្ររបស់អ៊ីរ៉ង់ នឹងត្រូវរាប់ថា ជាការរំលោភលើបទឈប់បាញ់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដែលមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី២២ ខែមេសា ហើយ "នឹងត្រូវរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ និងដាច់ខាត"។
តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិកបានហក់ឡើង ៨% ដល់តម្លៃ ១០៤,២៤ដុល្លារក្នុង ១បារ៉ែល បន្ទាប់ពីការគំរាមឡោមព័ទ្ធបិទផ្លូវរបស់សហរដ្ឋអាម៉េរិក។ ប្រេងឆៅ Brent ដែលជាស្តង់ដារអន្តរជាតិ បានកើនឡើង ៧ភាគរយ ដល់តម្លៃ ១០២,២៩ដុល្លារ១បារ៉ែល៕