មន្ត្រីអាម៉េរិក ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាម៉េរិកកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមដំណាក់កាលថ្មី នៃប្រតិបត្តិការទាក់ទងនឹងប្រទេសវេណេស៊ុយអេឡា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលរដ្ឋបាលលោក ត្រាំ កំពុងបង្កើនសម្ពាធលើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro)។
មកដល់ពេលនេះគេមិនទាន់អាចកំណត់ពេលវេលា ឬវិសាលភាពពិតប្រាកដនៃប្រតិបត្តិការថ្មីនោះទេ ហើយក៏មិនអាចបញ្ជាក់ថា តើប្រធានាធិបតីត្រាំ បានធ្វើការសម្រេចចិត្តចុងក្រោយ ដើម្បីធ្វើសកម្មភាព ឬក៏អត់នោះដែរ។
សេចក្ដីរាយការណ៍អំពីសកម្មភាព ដែលសហរដ្ឋអាម៉េរិក គ្រោងបើកប្រតិបត្តិការយោធា នៅក្នុងសប្តាហ៍ថ្មីៗនេះ ខណៈដែលកងកម្លាំងយោធាអាម៉េរិក បានដាក់ពង្រាយ ទៅកាន់តំបន់ មហាសមុទ្រការីប៊ីន ( Caribbean) ចំពេលមានទំនាក់ទំនងកាន់តែអាក្រក់ជាមួយប្រទេសវេណេស៊ុយអេឡា។
មន្ត្រីអាម៉េរិក បាននិយាយថា ប្រតិបត្តិការសម្ងាត់ទំនងជាផ្នែកដំបូងនៃសកម្មភាពថ្មី ប្រឆាំងនឹងលោក ម៉ាឌូរ៉ូ ហើយជំហានដំបូងគឺ ផ្តួលរំលំរបបរបស់លោក ម៉ាឌូរ៉ូ តែម្ដង ។
ពាក់ព័ន្ធនឹងផែនការនេះ ក៏មានសេចក្តីរាយការណ៍ថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាម៉េរិក បានព្រមានក្រុមហ៊ុនអាកាសចរណ៍នានា អំពី ស្ថានភាពដែលអាចបង្កគ្រោះថ្នាក់ ប្រសិនបើពួកគេប្រើប្រាស់ដែនអាកាសនៃប្រទេស វេណេស៊ុយអេឡា ។
ក្រោយការប្រកាសក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ យ៉ាងហោចណាស់ចំនួនបី បានលុបចោលជើងហោះហើររបស់ពួកគេកាលពី ថ្ងៃសៅរ៍កន្លងទៅ។
ដោយៈ សរ សុជាតិ