នៅក្នុងរបាយការណ៍វាយតម្លៃស្ថានភាពសេដ្ឋកិច្ច និងគោលនយោបាយរូបិយប័ណ្ណរយៈពេលមួយឆ្នាំ ក្រសួងរតនាគារអាម៉េរិក បានបញ្ជាក់ថា ប្រទេសដែលស្ថិតក្នុងបញ្ជីតាមដានរួមមានជប៉ុន, ចិន, អាល្លឺម៉ង់, អៀរឡង់, សិង្ហបុរី, កូរ៉េខាងត្បូង, ស្វីស, តៃវ៉ាន់, វៀតណាម និងថៃ។ ក្នុងចំណោមប្រទេសទាំងនេះ ប្រទេសថៃ គឺជាសមាជិកថ្មីដែលទើបត្រូវបានដាក់បញ្ចូល ដោយសារតែការកើនឡើងយ៉ាងគំហុកនៃអតិរេកពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាម៉េរិក។ ដោយឡែកសម្រាប់ប្រទេសចិន របាយការណ៍បានរិះគន់យ៉ាងធ្ងន់ៗថា ជាប្រទេសដែលខ្វះភាពបើកចំហ និងតម្លាភាពបំផុតលើគោលនយោបាយរូបិយវត្ថុរបស់ខ្លួន។
យោងតាមក្រសួងរតនាគារអាម៉េរិក មានលក្ខខណ្ឌចំនួន៣ ដែលនាំឱ្យប្រទេសមួយជាប់ក្នុងបញ្ជីតាមដានដូចជា មានតុល្យភាពពាណិជ្ជកម្មលើសជាមួយអាម៉េរិក យ៉ាងហោចណាស់១៥ពាន់លានដុល្លារ, មានអតិរេកពាណិជ្ជកម្មយ៉ាងហោចណាស់៣% នៃ GDP និងមានការលូកដៃជាប់លាប់ក្នុងទីផ្សារប្ដូរប្រាក់បរទេសក្នុងទិសដៅតែមួយ។
សម្រាប់ប្រទេសជប៉ុន បើទោះបីជាជាប់ក្នុងលក្ខខណ្ឌទី១ និងទី២ ក៏ដោយ ប៉ុន្តែអាម៉េរិក បានកោតសរសើរជប៉ុនថា មានតម្លាភាពខ្ពស់ក្នុងការផ្សព្វផ្សាយទិន្នន័យអន្តរាគមន៍រូបិយប័ណ្ណរបស់ខ្លួន ជាពិសេសការទប់ស្កាត់ការធ្លាក់ថ្លៃនៃប្រាក់យ៉េនក្នុងឆ្នាំ ២០២៤។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះអាម៉េរិក មិនទាន់កំណត់ថា ប្រទេសណាមួយជាអ្នកក្លែងតម្លៃរូបិយប័ណ្ណកម្រិតធ្ងន់ ដែលត្រូវរងទណ្ឌកម្មសេដ្ឋកិច្ចនៅឡើយទេ ប៉ុន្តែការដាក់ក្នុងបញ្ជីតាមដាននេះ គឺជាសញ្ញាព្រមានឱ្យប្រទេសទាំងនោះសម្របសម្រួលគោលនយោបាយសេដ្ឋកិច្ចឡើងវិញ៕