លោក បណ្ឌិត គ្រីស្តូហ្វ៊ើ យីវ (Christopher Yeaw) ជំនួយការរដ្ឋមន្ត្រីការបរទេសអាម៉េរិកបានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅឯវិទ្យាស្ថាន ហាត់សាន់ (Hudson Institute) ក្នុងទីក្រុងវ៉ាស៊ីនតោនថា ស្ថានីយវាស់ស្ទង់រញ្ជួយដីរយៈចម្ងាយឆ្ងាយមួយនៅក្នុងប្រទេសកាហ្សាក់ស្ថាន បានចាប់បាននូវសញ្ញាផ្ទុះ កម្រិត២,៧៥រ៉ិចទ័រ ដែលមានប្រភពចេញពីទីលានសាកល្បងមួយនៅភាគខាងលិចប្រទេសចិន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។ អតីតអ្នកវិភាគចារកម្ម និងជាអ្នកជំនាញផ្នែកវិស្វកម្មនុយក្លេអ៊ែររូបនេះបានអះអាងថា តាមរយៈការពិនិត្យទិន្នន័យបន្ថែម វាមិនអាចជាអ្វីផ្សេងក្រៅពីការផ្ទុះនោះឡើយ។ វាជាការបំផ្ទុះតែមួយដងគត់ ហើយក៏មិនមែនជាការបំផ្ទុះក្នុងគោលបំណងរុករករ៉ែ ឬជាបាតុភូតរញ្ជួយដីធម្មជាតិដែរ ប៉ុន្តែវាគឺជាសញ្ញានៃការសាកល្បងគ្រាប់បែកនុយក្លេអ៊ែ។
អ្នកជំនាញរូបនេះបានបន្ថែមថា ប្រទេសចិនបានព្យាយាមលាក់បាំងសកម្មភាពនេះ ដោយប្រើបច្ចេកទេសញែកបំណែក ដែលជាការបំផ្ទុះឧបករណ៍នៅក្នុងបន្ទប់ក្រោមដីដ៏ធំសម្បើម ដើម្បីកាត់បន្ថយរលកបោកទង្គិចដែលបញ្ជូនតាមផ្ទាំងថ្ម សំដៅគេចចេញពីការចាប់សញ្ញារបស់ឧបករណ៍វាស់ស្ទង់អន្តរជាតិ។
ទោះជាយ៉ាងណា អង្គការសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែទូលំទូលាយ ដែលជាស្ថាប័នត្រួតពិនិត្យការបំផ្ទុះនុយក្លេអ៊ែសកលបានបញ្ជាក់ថា ខ្លួនមិនទាន់មានទិន្នន័យគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីការចោទប្រកាន់របស់លោក យីវ បាននៅឡើយទេ។ ចំណែកឯស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន ក៏មិនទាន់មានប្រតិកម្មតបភ្លាមៗចំពោះរឿងនេះដែរ។
យោងតាមរបាយការណ៍ពីក្រសួងការពារជាតិអាម៉េរិក បច្ចុប្បន្នប្រទេសចិនត្រូវបានគេប៉ាន់ប្រមាណថា មានក្បាលគ្រាប់នុយក្លេអ៊ែ ដែលអាចប្រើការបានជាង៦០០គ្រាប់ ហើយកំពុងពង្រីកសក្តានុពលនុយក្លេអ៊ែយុទ្ធសាស្ត្ររបស់ខ្លួនយ៉ាងឆាប់រហ័ស ដែលអាចនឹងកើនឡើងដល់ជាង១,០០០គ្រាប់នៅត្រឹមឆ្នាំ២០៣០ ខាងមុខនេះ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស