មន្ទីរបញ្ចកោណអាម៉េរិក បានបញ្ជាក់កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះថា ពេលនេះ សហរដ្ឋអាម៉េរិក បានសម្រេចលក់ប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរយៈចម្ងាយមធ្យមទៅឱ្យកោះតៃវ៉ាន់ក្នុងតម្លៃ៧០០លានដុល្លារ ដែលជាការលក់អាវុធលើកទីពីរឱ្យកោះនេះ បន្ទាប់ពីអាម៉េរិកបានលក់យន្តហោះចម្បាំង និងគ្រឿងបន្លាស់យន្តហោះតម្លៃ៣៣០លានដុល្លារឱ្យកោះនេះ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។
នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មានតែប្រទេសអូស្ត្រាលី និងឥណ្ឌូនេស៊ីប៉ុណ្ណោះដែលមានប្រព័ន្ធការពារដែនអាកាសនេះ ដោយកាលពីឆ្នាំមុន សហរដ្ឋអាម៉េរិក បាននិយាយថា កោះតៃវ៉ាន់នឹងទទួលបានប្រព័ន្ធការពារនេះ ដែលជាផ្នែកមួយនៃការលក់អាវុធតម្លៃ២ពាន់លានដុល្លារ។
ដោយត្រូវបានប្រើក្នុងសមរភូមិនៅអ៊ុយក្រែន ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ប្រព័ន្ធការពារ NASAMS បានផ្តល់ការជំរុញយ៉ាងខ្លាំងនូវសមត្ថភាពការពារដែនអាកាស ដែលសហរដ្ឋអាម៉េរិក កំពុងនាំចេញទៅកាន់កោះតៃវ៉ាន់ ខណៈតម្រូវការប្រព័ន្ធនេះកំពុងកើនឡើង។
ព័ត៌មានលក់អាវុធនេះបានកើតឡើងចំពេលមានវិបត្តិការទូតកាន់តែអាក្រក់ទៅៗរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូលើបញ្ហាកោះតៃវ៉ាន់ ដែលប្រទេសចិន អះអាងថា ជាទឹកដីរបស់ខ្លួន ទោះជារដ្ឋាភិបាលក្រុងតៃប៉ិ បានបដិសេធការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំងក៏ដោយ៕
ដោយ៖ សុខ មង្គល