
ព្រឹទ្ធសភាអាម៉េរិក កាលពីថ្ងៃអង្គារ ទី១ ខែមិថុនា បានអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីផែនការបញ្ចុះពន្ធ និងផែនការចំណាយដ៏សម្បើមរបស់លោក ដូណាល់ ត្រាំ យ៉ាងប៉ផុតប៉ផើយដោយសំឡេង៥១ ទល់នឹង៥០។ សេចក្ដីព្រាងច្បាប់នេះ មានគោលដៅពង្រីកបន្ថែមនូវការបញ្ចុះពន្ធគយឆ្នាំ២០១៧ របស់លោក ដូណាល់ ត្រាំ និងដាក់ចេញនូវការអនុគ្រោះពន្ធថ្មីៗលើលុយធីប ឬលុយទឹកតែ និងប្រាក់ធ្វើការបន្ថែមម៉ោង បង្កើនការចំណាយលើវិស័យយោធា និងកាអនុវត្តការងារអន្តោប្រវេសន៍។
ក្នុងពេលជាមួយគ្នានេះ សេចក្ដីព្រាងច្បាប់នេះ កាត់បន្ថយការចំណាយរហូតដល់ទៅប្រមាណ៩៣០ពាន់លានដុល្លារ ពីកម្មវិធីជំនួយវេជ្ជសាស្ត្រ Medicaid និងកម្មវិធីជំនួយស្បៀងអាហារ ហើយលុបចោលការលើកទឹកចិត្តផ្នែកថាមពលបៃតងជាច្រើនរបស់អតីតប្រធានាធិបតី ចូ បៃឌិន។
សេចក្ដីព្រាងច្បាប់នេះ ក៏នឹងដំឡើងពិដានបំណុលចំនួន៥ទ្រីលានដុល្លារផងដែរ ដោយធ្វើឱ្យពិដានបំណុលសរុបថ្មីរបស់សហរដ្ឋអាម៉េរិក ឈានដល់ប្រមាណ៤១,២ទ្រីលានដុល្លារ។ ពេលនេះ សេចក្ដីព្រាងច្បាប់នេះ បានបញ្ជូនទៅដល់រដ្ឋសភាហើយ ដែលអាចនឹងឈានទៅដល់ការអនុម័យផ្ដាច់ព្រ័ត្រ ទោះបីជាសមាជិករដ្ឋសភាខ្លះមកពីគណបក្សសាធារណរដ្ឋបានបង្ហាញការព្រួយបារម្ភអំពីសេចក្ដីព្រាងច្បាប់នេះយ៉ាងណាក្ដី។
សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ មានបំណងចង់ចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់នេះឱ្យក្លាយទៅជាច្បាប់ធរមាននៅត្រឹមថ្ងៃទី៤ ខែកក្កដា៕
ដោយ: តែម សុខុម