សមាជិកព្រឹទ្ធសភាអាម៉េរិក លោក ចន ឃឺតធីស (John Curtis) កាលពីថ្ងៃទី៣១ ខែមីនា បានព្រមានតៃវ៉ាន់ ឱ្យប្រយ័តុ្នខ្លួន និងរៀនសូត្រពីកំហុសដ៏ធំរបស់ហុងកុង ហើយកុំទុកចិត្តចិន ប៉េកាំងខ្លាំងពេក។ លោកបានព្រមានថា សកម្មភាពរបស់ចិន នៅហុងកុង ដែលសេរីភាពត្រូវបានកាត់បន្ថយ បន្ទាប់ពីច្បាប់សន្តិសុខត្រូវបានដាក់ចេញក្នុងឆ្នាំ២០២០ បង្ហាញយ៉ាងច្បាស់អំពីអ្វីដែលទីក្រុងប៉េកាំង អាចធ្វើបាន។ លោកបានជំរុញឱ្យកោះតៃវ៉ាន់ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ទោះបីជាសង្ឃឹមចង់បានសន្តិភាពជាមួយប្រទេសចិន ក៏ដោយ។
ការអត្ថាធិប្បាយដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានធ្វើឡើង ស្របពេលដែលកោះតៃវ៉ាន់ កំពុងពិភាក្សាដេញចោលអំពីកញ្ចប់ថវិកាការពារជាតិ ទំហំ៤០ពាន់លានដុល្លារ ដែលស្នើឡើងដោយប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងទើ (Lai Ching-te) ដើម្បីពង្រឹងការការពារជាតិ ទប់ទល់នឹងការគំរាមកំហែងពីប្រទេសចិន ដែលតែងតែអះអាងថា កោះតៃវ៉ាន់ ជាទឹកដីរបស់ខ្លួន។ គណបក្សប្រឆាំងរបស់កោះតៃវ៉ាន់ គាំទ្រការការពារដែនអធិបតេយ្យភាពជាតិ របស់កោះតៃវ៉ាន់ ប៉ុន្តែបដិសេធមិនអនុម័តថវិកាការពារជាតិ ទំហំ ៤០ពាន់លានដុល្លារ ដោយគ្មានព័ត៌មានលម្អិតបន្ថែម ដែលបង្កឱ្យមានមន្ទិលអំពីការបែកបាក់សាមគ្គីផ្ទៃក្នុង។
លោក ចន និងសមាជិកព្រឹទ្ធសភាអាម៉េរិកផ្សេងៗទៀតបានជួបជាមួយប្រធានាធិបតីតៃវ៉ាន់លោក ឡៃ ឈីងទើ (Lai Ching-te) អំឡុងពេលទស្សនកិច្ចនេះ។ ក្នុងពេលជាមួយគ្នានេះប្រទេសចិន បានអញ្ជើញលោកស្រី ឈឹង លីវុន (Cheng Li-wun) មេដឹកបក្សគួមីនតាង (Kuomintang) ដែលជាគណបក្សប្រឆាំងធំបំផុតនៅតៃវ៉ាន់ ឱ្យទៅទស្សនកិច្ចទីក្រុងប៉េកាំងរយៈពេលច្រើនថ្ងៃនៅខែមេសា នេះ ហើយមេបក្សប្រឆាំងរបស់តៃវ៉ាន់រូបនេះ ក៏ទទួលយកការអញ្ជើញនេះ ដោយហៅវាថា ជាបេសកកម្មដើម្បីសន្តិភាព ដោយធ្វើឱ្យមានមន្ទិលកាន់តែខ្លាំងជុំវិញទំនាក់ទំនងរបស់បក្សគួមីនតាង និងប្រទេសចិន។
រដ្ឋាភិបាលតៃវ៉ាន់ បានព្រមានថា គោលដៅរបស់ចិន ក្នុងការដណ្តើមកាន់កាប់កោះតៃវ៉ាន់ មិនទាន់មានការផ្លាស់ប្តូរឡើយ ហើយថា តៃវ៉ាន់ មិនគួររំពឹងចង់បានសន្តិភាពជាមួយចិន បែបស្រមើស្រមៃនោះទេ៕
ដោយ: តែម សុខុម