
ហើយជាលទ្ធផលគួរឱ្យកត់សម្គាល់ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ នឹងកោះប្រជុំជាបន្ទាន់មួយនៅថ្ងៃសុក្រ ទី២៥ ខែកក្កដា នេះ ដើម្បីដោះស្រាយជម្លោះប្រដាប់អាវុធនៅតាមព្រំដែនរវាងកម្ពុជា និងថៃ។ នេះបើយោងតាមប្រភពការទូតដែលបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP។
ទន្ទឹមនេះ ក្រសួងការពារជាតិរបស់សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចធំបំផុតរបស់ពិភពលោក ក៏បានធ្វើសន្និសីទផងដែរ ដោយទទូចឱ្យកម្ពុជា និងថៃបញ្ឈប់ជម្លោះប្រដាប់អាវុធតាមព្រំដែនជាបន្ទាន់។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានស្តីពីការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោក Tommy Pigott បានលើកឡើងថា សហរដ្ឋអាម៉េរិក មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្ដីរាយការណ៍អំពីការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅតាម
បណ្ដោយព្រំដែនកម្ពុជា-ថៃ ជាពិសេសចំពោះសេចក្ដីរាយការណ៍អំពីការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលស្លូតត្រង់។ សហរដ្ឋអាម៉េរិកចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការបាត់បង់ជីវិតជនស្លូតត្រង់ និងទទូចយ៉ាងម៉ឺងម៉ាត់ឱ្យបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារ ដើម្បីការពារជនស៊ីវិល និងដោះស្រាយជម្លោះដោយសន្តិវិធី៕
ដោយ: តែម សុខុម