កិច្ចប្រជុំកំពូល APEC

អាម៉េរិក ជំរុញឱ្យចិន បើកឱ្យកោះតៃវ៉ាន់ អាចចូលរួមកិច្ចប្រជុំកំពូល APEC ដោយស្មើមុខ ស្មើមាត់ពេលចិន ធ្វើជាម្ចាស់ផ្ទះ


សហរដ្ឋអាម៉េរិក បានដាក់វិញ្ញាសាសាមីការថ្មីដ៏ស្មុគស្មាញឱ្យមហាយក្សចិន ដោះស្រាយទៀតហើយ ដោយលើកនេះបានទាមទារឱ្យមហាយក្សចិន ត្រូវតែអនុញ្ញាតឱ្យកោះតៃវ៉ាន់ ចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដោយស្មើសិទ្ធិ ស្មើមុខ ស្មើមាត់ ដូចប្រទេសចូលរួមផ្សេងទៀត នៅពេលដែលមហាយក្សចិន ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល APEC នៅឆ្នាំក្រោយនេះ។
កិច្ចប្រជុំកំពូល APEC
ដោយ

ការទាមទារនេះកើតមានឡើង បន្ទាប់ពីក្រុងតៃប៉ិ បានត្អូញត្អែរថា មហាយក្សចិន បានដាក់លក្ខខណ្ឌជាច្រើនលើកោះតៃវ៉ាន់ សម្រាប់ការចូលរួមរបស់ខ្លួនក្នុងការចូលរួមកិច្ចប្រជុំកំពូលនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។

ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បាននិយាយកាលពីថ្ងៃពុធ ទី៥ ខែវិច្ឆិកា ថា សហរដ្ឋអាម៉េរិក បានទាមទារឱ្យ​ចិន ត្រូវតែអនុញ្ញាតឱ្យកោះតៃវ៉ាន់ចូលរួមកិច្ចប្រជុំកំពូល APEC ដោយស្មើសិទ្ធិ ស្មើមុខ ស្មើមាត់ ដូចប្រទេសដទៃ នៅពេលចិន ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល APEC នៅឆ្នាំក្រោយនេះ។ កិច្ចប្រជុំកំពូល APEC ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងស៊ិនជិន (Shenzhen) ប្រទេសចិន នេះធ្វើឡើង ស្របពេលដែលទំនាក់ទំនងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង កាន់តែតានតឹងតឹងដោយសារ​ចិន បង្កើនការដាក់សម្ពាធផ្នែកយោធាលើកោះកោះតៃវ៉ាន់។

ក្រសួងការបរទេសចិន បានបញ្ជាក់នៅសប្តាហ៍នេះថា ​ចិន មិនហាមឃាត់ការចូលរួមរបស់កោះតៃវ៉ាន់ នោះទេ ប៉ុន្តែថា ការចូលរួមរបស់តៃវ៉ាន់ នៅក្នុងកិច្ចប្រជុំកំពូល APEC ត្រូវតែគោរពតាមគោលការណ៍នៃគោលនយោបាយចិនតែមួយ ដែលទីក្រុងប៉េកាំង ចង់សំដៅថា ទាំងកោះតៃវ៉ាន់ និងច្រកសមុទ្រតៃវ៉ាន់ ជាកម្មសិទ្ធិរបស់​ចិន តែមួយ ប៉ុន្តែនេះជាអ្វីដែលរដ្ឋាភិបាលទីក្រុងតៃប៉ិ ច្រានចោលមិនទទួលស្គាល់រហូតមក។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយពីក្រុងប៉េកាំង ថា ប្រទេសចិននឹងបំពេញកាតព្វកិច្ចរបស់ខ្លួនជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល APEC ហើយរដ្ឋាភិបាលចិន បានបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់ខ្លួនលើការចូលរួមរបស់កោះតៃវ៉ាន់ នោះគឺកោះតៃវ៉ាន់ អាចចូលរួមក្នុងកិច្ចប្រជុំកំពូល APEC បានក្រោមឈ្មោះ ចិនតៃប៉ិ (Chinese Taipei) ហើយមិនអាចបញ្ជូនប្រធានាធិបតីកោះតៃវ៉ាន់ ទៅចូលរួមកិច្ចប្រជុំកំពូលនេះបានឡើយ ដើម្បីជៀសវាងបញ្ហានយោបាយ។

ជាការឆ្លើយតប រដ្ឋាភិបាលតៃវ៉ាន់ ដែលត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនិយាយថា ប្រទេសចិនគ្មានសិទ្ធិនិយាយជំនួស ឬតំណាងឱ្យកោះតៃវ៉ាន់ នៅលើឆាកអន្តរជាតិនោះឡើយ។

សូមបញ្ជាក់ថា ក្នុងចំណោមប្រទេសជាសមាជិកទាំង២១ រួមទាំងសហរដ្ឋអាម៉េរិក នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៩ ពោលគឺ៣៦ឆ្នាំមុន គ្មានប្រទេសជាសមាជិកណាមួយមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់នោះទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងហុចផលដល់វិស័យទេសចរណ៍វៀតណាម

នៅពេលនេះវិស័យទេសចរណ៍របស់វៀតណាម កំពុងត្រូវប៉ាន់ខ្លាំង ដោយគេបានព្យាករថា ប្រទេសនេះនឹងស្វាគមន៍អ្នកធ្វើដំណើរបរទេសបានជាង២២លាននាក់នៅឆ្នាំនេ…

ម្ចាស់ភាគហ៊ុនធំៗរបស់ក្រុមហ៊ុន Tesla យល់ព្រមផ្តល់ប្រាក់បំណាច់ជិត១ទ្រីលានដុល្លារដល់លោក Elon Musk ប៉ុន្ដែដាក់លក្ខខណ្ឌដ៏លំបាកមួយ

នៅទីបំផុតក្រុមភាគហ៊ុនិករបស់ក្រុមហ៊ុន Tesla បានឯកភាពលើការផ្តល់ប្រាក់បំណាច់ជិត១ទ្រីលានដុល្លារដល់លោក អេឡុន ម៉ាស់ (Elon Musk) នាយកប្រតិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ